(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅម៉ោង៧៖៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខធនាគារមេគង្គ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បង្កឡើងដោយបុរសម្នាក់ជិះរថយន្ត Lexus 570 ពាក់ស្លាកលេខ ភ្នំពេញ 2O-9168 បុករះរថយន្ត២គ្រឿង និងម៉ូតូ៦គ្រឿង បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ដែលបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើង។

ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ដែលចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបុករះរួច អ្នកបើកបររថយន្ត Lexus 570 បានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា បុរសជាអ្នកបើកបរ Lexus 570 នោះ មានអាការៈស្ពឹកជើងទើប បណ្តាលឲ្យបើករថយន្តបុករះគេឯងយ៉ាងដូច្នេះ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងចុះវាស់វែងកន្លែងកើតហេតុ និងស្ទួចរថយន្តទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕