(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ និងសុខសន្តិភាពពេញបរិបូរ ដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានរយៈពេល៣៩ឆ្នាំ ក្រោយសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមកទល់បច្ចុប្បន្ននេះ គឺបានមកពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយស្មារតី និងយកអាយុជីវិតរបស់លោកផ្ទាល់ ទៅធ្វើជាដើមទុន ដើម្បីទប់ស្កាត់មិនអនុញ្ញាតឲ្យមាន «បដិវត្តន៍ពណ៌» ជាដាច់ខាតព្រោះ «បដិវត្តន៍ពណ៌» និងបង្កគ្រោះថ្នាក់ បំផ្លិចបំផ្លាញ ភាពខ្លោចផ្សារ សោកវិនាសកម្ម និងភាពខ្ទេចខ្ទាំ ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិទាំងមូល។

លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីយើងទទួលបាននូវសុខសន្តិភាព ទើបយើងទទួលបាននូវការអភិវឌ្ឍន៍ ដូច្នេះចាំបាច់ណាស់យើងត្រូវរួមគ្នាថែរក្សា ដោយតម្រូវឲ្យអាជ្ញាធរសង្កាត់-ភូមិ និងសមត្ថកិច្ចពង្រឹងការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការដោះស្រាយ រាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដោយគ្មានលក្ខខណ្ឌ «ពោលធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាព» ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក ជា ពិសី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដឹកនាំអធិការនគរបាលខណ្ឌ នាយផ្នែក នាយនគរបាល ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងសំណេះសំណាល ក្នុងពិធីបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ទាំងផ្តល់-ប្តូរ និងប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៩៥គ្រួសារ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលពុំទាន់មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ អាចមកទំនាក់ទំនងធ្វើបាន តាមមណ្ឌលរស់នៅរៀងៗខ្លួន ដែលមានមន្ត្រីនគរបាលមូលដ្ឋាន រង់ចាំទទួលស្វាគមន៍ ដើម្បីបំពេញបែបបទនិតិវិធីធ្វើជូន ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ក្រោយបំពេញបែបបទនិតិវិធីរួចរាល់ មិនយូរទេ ប្រាកដជាទទួលបាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណមកប្រើប្រាស់មិនខាន។

បន្ថែមពីនេះ លោក ជា ពិសី បានបញ្ជាក់ទៀតថា ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានោះ លោក ជា ពិសី បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) និងកម្មករ កម្មការិនី និយោជិត ឲ្យកាន់តែមានជីវភាពធូរធានោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឲ្យមានការដំឡើងប្រាក់បៀវត្សរ៍ទាបបំផុត១លានរៀលរួមមាន៖ ១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៨) ចំនួន៨៥៣,៥០០រៀល ត្រូវកើនដល់៩១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០១៨ ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៣៧,៩៧៨រៀល ត្រូវកើនដល់ ៩៩៨,៩២៨រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៨៨០,៩៧៨រៀល ត្រូវកើនដល់ ៩៣៥,០២៨រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ រួមជាមួយប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ១៖ ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ និងបៀវត្សអប្បបរមារបស់យោធិន និងមន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំងប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

លោកអភិបាលខណ្ឌ ជា ពិសី បានថ្លែងយ៉ាងដូច្នេះថា សម្រាប់កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
*ការអនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់២០ សីហា ២០១៩
*ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ហើយការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ
*ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត
*កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ
*ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល
*កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ៕