(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម​បិទវេទិកា «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ​» លើកដំបូង ដែលរៀបចំដោយសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា​។

​លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា «អ្នកនាំពាក្យនិងអ្នកសារព័ត៌មាន គឺជាដៃគូបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្តល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មានមិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏នឹងមិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មានពិត ត្រឹមត្រូវពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដ៏ប្រសើរ»

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់បន្ថែមថា ស.ស.ស.ក រំពឹងទុកថា វេទិកានេះនឹងពង្រីកបាននូវកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូ រវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ក្នុងការផ្លាស់ប្តូរមិតិយោបល់ លើយន្តការផ្តល់ព័ត៌មាននិងទទួលព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយលើគ្រប់វិស័យនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង៕