(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅពេលធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះដោយឃាត់បានជនសង្ស័យ២នាក់ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោយមកបានបន្ដស្រាវជ្រាវតាមចាប់បក្ខពួក៤នាក់ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

សម្រាប់ប្រតិបត្តិការមួយនេះ មានមន្ដ្រីនគរបាលបានទទួលគ្រោះ​ថ្នាក់ និងរបួស និងមានការបាញ់តបត​រវាងកម្លាំងនគរបាល និងក្រុមជនសង្ស័យ ខណៈដែលបង្ក្រាបក្រុមជនសង្ស័យ ជួញដូរគ្រឿងញៀនយ៉ាងសកម្មផងដែរ។​

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ អំពីដំណើរការនៃប្រតិបត្តិការយ៉ាងដូច្នេះថា ​ថ្ងៃទី​០៩ ខែមករា នៅចំណុចភូមិ​ដីលើ​ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ កម្លាំង​​ជំនាញចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ឃាត់ខ្លួ​ន​ជនសង្ស័យ០២នាក់ ឈ្មោះ ម៉ាន រ៉សាត​ អាយុ៣៩ឆ្នាំ និងឈ្មោះ ម៉ាត់ រ៉សាត ​អាយុ៣៩ឆ្នាំ​ ដកហូតបាន ម្សៅក្រាមពណ៌ស​​ចំនួន​០៥កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០២គ្រឿង​ ជញ្ជីងអេឡិចត្រូនិច​ ចំនួន០១គ្រឿង​​ និងឧបករណ៍សេពមួយសម្រាប់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាល​ជំនាញបានធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការ ដោយមានការសម្របសម្រួលពី​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយនគរបាលខេត្តក្រចេះ ​ដើម្បីបន្តកិច្ចប្រតិបត្តិការ​លុះមកដល់ថ្ងៃទី១១ ខែមករាម្សិលមិញ នៅចំណុចភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង បានធ្វើការឃាត់ខ្លួនសង្ស័យចំនួន០៤នាក់ទៀត។

ដោយជនសង្ស័យទី១៖ឈ្មោះ​ ទិត សេងហុង ហៅ​​ពេជ្រ ​អាយុ៣១ឆ្នាំ, ទី​២៖ឈ្មោះ​ ទិត ចាន់ភ័ក្រ ​អាយុ២១ឆ្នាំ​, ទី៣៖​ឈ្មោះ ថូ ចាន់ប៉េង ​អាយុ៣១ ​រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង និងទី៤៖ឈ្មោះ​ កៃ​ ហឺត ​​អាយុ២១ឆ្នាំ​ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ធំ​ ម៉ូតូចំនួន០២គ្រឿង​ ទូរស័ព្ទ១០គ្រឿង ដាវ០២ដើម ជញ្ជីងអេឡិចត្រូនិច០១គ្រឿង ឧបករណ៍សេពមួយសម្រាប់។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនក្រុមគ្រឿងញៀនទាំង៦នាក់នេះ ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕