(កណ្តាល)៖ ប្រជាពលរដ្ឋជិត៣០០គ្រួសាររស់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានសុំទទូចដល់រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងអភិបាលខេត្តកណ្តាល លោកបណ្ឌិត ម៉ៅ ភិរុណ ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លី ជាមួយក្រុមហ៊ុនមីនញូ ផង ខណៈខាងក្រុមហ៊ុននៅតែចិញ្ចឹមមហិច្ឆតា និងតែងតែប្រើកូនចៅរបស់ខ្លួន មកបំពានជាញឹកញាប់ ព្រមទាំងឈូសឆាយយកដីរបស់ពួកគាត់។

លោក ញ៉ ញ៉ែម រស់នៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមប្រជាពលរដ្ឋទាំងអស់ បានមកកាប់រាន ព្រៃអាស្រ័យផលលើដីនេះតាំងពីឆ្នាំ១៩៩០មកម្ល៉េះ រហូតដល់ឆ្នាំ២០០៦ ក៏មានជម្លោះជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ពេលនោះប្រជាពលរដ្ឋ បានតវ៉ា រហូតឈានទៅប្តឹងផ្តល់គ្នា ទៅដល់សាលាដំបូងខេត្តកណ្តាល។ លុះដល់ឆ្នាំ២០០៦ សាលាដំបូងចេញសាលក្រមរដ្ឋប្បវេណីលេខ៤០(វ) ចុះថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០០៧ និងសាលក្រមរដ្ឋប្បវេណីលេខ១២(វ)ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០០៧ ចូលជាស្ថាពរ ប៉ុន្តែពេលនោះតុលាការមិនទាន់ចុះអនុវត្តន៍វាស់វែង ជូនប្រជាពលរដ្ឋនោះទេ ដោយប្រជាពលរដ្ឋអាចប្រើប្រាស់ តាមរយៈការដាំដុះនៅលើដីនោះបាន។ លុះដល់ឆ្នាំ២០០៨ ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានដាក់កម្លាំងចុះមកការពារដីនោះ ហាមឃាត់ប្រជាពលរដ្ឋ ឈប់ឲ្យចូលមកដាំដុះលើដីនោះទៀត។

តំណាងប្រជាពលរដ្ឋ បាននិយាយទៀតថា បន្ទាប់ពីក្រុមហ៊ុន បានដាក់កម្លាំងចុះមកការពារលើដីនោះ ប្រជាពលរដ្ឋបាននាំគ្នា ទៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសូមឲ្យសម្តេចជួយរកយុត្តិធម៌។ ពេលនោះលោក ហូ សិទ្ធី បានចេញចំណាមួយឲ្យតុលាការ សហការជាមួយអាជ្ញាធរ ចុះអនុវត្តន៍សាលក្រមរដ្ឋប្បវេណីលេខ១២(វ) និងលេខ៤០(វ)ជូនប្រជាពលរដ្ឋទាំង២៩២គ្រួសារ។ ពេលនោះកម្លាំងចម្រុះ បានចុះវាស់វែងជូនប្រជាពលរដ្ឋ បានជាង៧០ភាគរយ ក៏ផ្អាកដោយយកលេសថា ចាំរួចឆេងហៅថាចូលឆ្នាំចិន ប៉ុន្តែក្រោយមកក៏ស្ងាត់រហូត។

លុះដល់ឆ្នាំ២០១៤ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាម្តងទៀត ស្រាប់តែអាជ្ញាធរខេត្តកណ្តាល បានចេញលិខិតបញ្ជាក់ថា អាជ្ញាធរខេត្តមិនអាចចុះវាស់វែង ឬចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានទេ ព្រោះដីដែលប្រជាពលរដ្ឋ កំពុងធ្វើការតវ៉ានោះ ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន មីនញូ សាលដីការលេខ១៦១(ឆ) ដែលចេញដោយតុលាការកំពូល។

បើតាមការបញ្ជាក់ពីតំណាងប្រជាពលរដ្ឋ ដីទំាំងនោះ ពួកគាត់បានឈ្នះក្តី ដោយមានសាលក្រមស្ថាពរ។ ជាមួយគ្នានេះ ក្រុមហ៊ុនប្រើកងកម្លាំងបាញ់ប្រហារ បណ្តេញប្រជាជនចេញពីដីរបស់ពួកគាត់ រហូតគំរាមមិនឲ្យចូលរស់នៅ និងដាំដុះលើដីនោះ បង្កឲ្យរងរបួសជាច្រើននាក់ និងធ្លាក់ខ្លួនពិការ៣នាក់ រហូតដល់បច្ចុប្បន្ននេះ។

ក្រុមប្រជាពលរដ្ឋ បាននិងកំពុងបាត់បង់ដីបង្កបង្កើនផលសំទ្រទ្រង់ជីវភាពគ្រួសារ ខ្លះស៊ីឈ្នួលគេក្នុង ខ្លះចំណាកស្រុក មួយចំនួនរត់ម៉ូតូឌុប មួយចំនួនធំរស់នៅក្នុងភូមិ កំពុងតស៊ូទាមទារយកដីរបស់ពួកគាត់មកវិញ ពិសេសនៅការពារមិនឲ្យ ក្រុមហ៊ុនយកដីរបស់ពួកគាត់ បានជាដាច់ខាតទោះពួកគាត់ត្រូវបូជាជីវិត ព្រោះមានតែដីនេះទេ ជាប្រភពទ្រទ្រង់ជីវភាព គ្រួសាររបស់ពួកគាត់៕