(ភ្នំពេញ)៖ អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា កាលពីឆ្នាំ២០១៧ ក្រសួងសុខាភិបាល មានមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន៤១៩ទីតាំង នៅទូទាំងប្រទេស ហើយអ្នកញៀនគ្រឿងញៀន មកទទួលសេវាព្យាបាលជាង៣ពាន់នាក់ ដែលមានកើនឡើងជាងឆ្នាំ២០១៦ មានចំនួន១៧៧ទីតាំង និងទទួលបានការព្យាបាលជាង១ពាន់តែប៉ុណ្ណោះ ដូចនេះឆ្នាំ២០១៨ នឹងពង្រីកទីតាំងព្យាបាលបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចំនួនអ្នកញៀន ដែលមានរហូតដល់ជាង២ម៉ឺននាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងពិធីបើកបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលការណ៍ប្រតិបត្តិ សម្រាប់ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋាន វ័នម័រ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលយើង និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីកាត់បន្ថយ និងជំរុញលើកទឹកចិត្ដ អ្នកញៀនគ្រឿងញៀន មកទទួលសេវាពិនិត្យព្យាបាល នៅតាមមណ្ឌលបន្សាបគ្រឿងញៀនទូទាំងប្រទេសនេះ ខណៈដែលយើងកំពុងតែបង្កើននៅមូលដ្ឋានសុខាភិបាល សាធារណៈជាបន្ដបន្ទាប់នេះ»

លោកស្រីវេជ្ជបណ្ឌិត «សូមស្នើដល់ភាគីពាក់ព័ន្ធ គ្រប់រាជធានីខេត្ដ ជួយជំរុញគាំទ្រ ដល់បច្ចេកទេសព្យាបាល នៅតាមមណ្ឌលបណ្ដោះអាសន្ន ពិសេសធ្វើស្លាកសញ្ញាបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលរកទីតាំងព្យាបាល ដោយរហូតមកដល់ពេលនេះ យើងស្លាកសញ្ញា ៣០៣កន្លែងហើយ ក្នុងចំណោមមូលដ្ឋានជាង៤០០ទីតាំងនោះ។ លើសពីនោះ ត្រូវធ្វើជាសារអប់រំ ដល់ប្រជាពលរដ្ឋយើង ទាំងអ្នកញៀនគ្រឿងញៀន និងសមាជិកគ្រួសារ ដើម្បីឲ្យពួកគាត់ បញ្ជូនកូនៗរបស់គាត់ ដែលញៀនគ្រឿងញៀន មកទទួលសេវាព្យាបាល ដោយឥតគិតថ្លៃ និងមិនជាប់ទោសទណ្ឌអ្វីទាំងអស់ មានតែការលើកទឹកចិត្ដ»

ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាលបានពង្រាយសេវាព្យាបាលអ្នកញៀនគ្រឿងញៀន៤១៩ទីតាំង ក្នុងនោះមន្ទីរពេទ្យជាតិមាន២ទីតាំង មន្ទីរពេទ្យខេត្តមាន២៤ទីតាំង មន្ទីរពេទ្យបង្អែកមាន៧២ទីតាំង និងមណ្ឌលសុខភាពមាន៣២១ទីតាំង ក្នុងនោះលើស្លាកសញ្ញាសំគាល់បាន ៣០៣ ទីតាំង (៧២%) ។ អ្នកញៀនគ្រឿងញៀន ដែលបានស្ម័គ្រចិត្តមកទទួលសេវាពិនិត្យ ព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈសរុបមានចំនួន ៣,១០១នាក់ (ប្រុសចំនួន ២,៨៧០នាក់ និងស្រីចំនួន២៣១ នាក់) ៕