(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ ដោយមានការតាំងពិពរណ៌បង្ហាញពីយុទ្ធោបករណ៍ជាច្រើន នៅមជ្ឈមណ្ឌលកោះពេជ្រ បានចាប់ផ្ដើមឡើងជាផ្លូវការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី១៣ ខែមករា។

ព្រឹត្តិការណ៍កីឡាកងទ័ព ដែលរៀបចំឡើងនៅដើមឆ្នាំ២០១៨នេះ មានការចូលរួម និងចាប់អារម្មណ៍ពីមហាជនទូទៅយ៉ាងខ្លាំង ហើយចំនួនស្ដង់នៃការតាំងបង្ហាញ មកពីអង្គភាពនីមួយៗ ក៏មានការកើនឡើងច្រើនផងដែរ។

នៅរសៀល​នេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានធ្វើសន្និសីទកាសែតដើម្បីបញ្ជាក់ពីគោលបំណងធំៗ នៃព្រឹត្តិការណ៍កីឡាកងទ័ព ដើម្បីឲ្យសាធារណៈជនបានយល់ដឹង និងស្វែងយល់កាន់តែខ្លាំង​លើតួនាទីរបស់កងទ័ព។

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍កីឡាកងទ័ព ដែលរៀបចំឡើងនៅពេលនេះ មានគោលបំណងធំៗចំនួន៤ រួមមាន៖ ទី១៖ ជាការរំលឹកទិវាជ័យជម្នះលើកទី៣៩ ថ្ងៃ៧មករា ដែលជាថ្ងៃជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងអស់, ទី២៖ ជាការរៃអង្គាសដើម្បីជួយឧបត្ថម្ភទៅដល់ សមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស, ទី៣៖ ដើម្បីឲ្យស្វែងយល់ពីការចូលរួមរបស់កងទ័ព ក្នុងការការពារសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ និងទី៤៖ រឹតចំណងមិត្តភាពរវាងកងទ័ព និងប្រជាជនកាន់តែខ្លាំងឡើង។

លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា ព្រឹត្តិការណ៍កីឡាកងទ័ព នឹងធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ដឹងកាន់តែខ្លាំងឡើង​ពីតួនាទី ជាពិសេសនៅពេលសង្គ្រាមតើកងទ័ព ត្រូវរៀបចំយ៉ាងដូចម្ដេច។

ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត បានលើកឡើងថា «ការៀបពិពរណ៍កងទ័ពនេះឡើង ដើម្បីបង្កើននូវសាមគ្គីភាពរវាងវិស័យឯកមហាជន និងកងកម្លាំងប្រដាប់អាវុធ អញ្ចឹងក៏យើងមានស្តង់ ពីសហគ្រាសឯកជន ដែលពួកគាត់ចូលរួម និងប្រមូលថវិកាជួយដល់អតីតយុទ្ធកម្ពុជា ទូទាំងប្រទេស។ កងទ័ពជាកងទ័ពរបស់ប្រជាពលរដ្ឋ ដូចនេះប្រជាជនមានសិទ្ធិស្វែងយល់ពីសមត្ថភាពរបស់កងទ័ព គ្រឿងបំពាក់កងទ័ព ក៏ដូចជា ការងារអីខ្លះ និងភារកិច្ចរបស់កងទ័ព បានធ្វើដើម្បីជាតិ និងមាតុភូមិរបស់យើង។ អញ្ចឹងនៅក្នុងការធ្វើពិពរណ៌នេះ យើងមានការរៀបចំជាយុទ្ធោបករណ៍ ទីតាំងលានដ្ឋានធ្វើហាក់ដូចជា នៅសមរភូមិមុខ ដើម្បីឲ្យប្រជាពលរដ្ឋយើង បានយល់ថា តើដំណាក់កាលនៃសង្គ្រាម ការរៀបចំកងកម្លាំងរបស់យើងមានលក្ខណៈយ៉ាងណាខ្លះ ទោះជាមិនបានគ្រប់ជ្រុងជ្រោយ ក៏យើងចង់ឲ្យមហាជនបានឃើញ»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះយើងមាន៣៣ អង្គភាពចូលរួម ដែលមានចំនួនកើនឡើងច្រើនជាងមុខ ដែលមានចំនួនតែ៨អង្គភាពប៉ុណ្ណោះ។ ដោយឡែក អ្នកចូលរួមឆ្នាំនេះមាន៥០០នាក់ «ដោយសារមានការកើនឡើង ចំនួននៃអ្នកចូលរួម ឆ្នាំទៅយើងមានតែ៣៤ក្រុម ឆ្នាំនេះយើងឡើងទៅ៤៦ ក្រុម ហើយក្នុងនោះក៏មានក្រុមកីឡាមហាជន ក្រៅអង្គភាពទ័ពពី១៨ក្រុម ឡើងទៅ២៨ក្រុម អញ្ចឹងអ្នកចូលរួមឆ្នាំនេះឡើងទៅដល់ជាង៥០០នាក់»