(ភ្នំពេញ)៖ យោងលើភាពជាដៃគូ រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យមានការពង្រឹងពង្រីក វិស័យពាណិជ្ជកម្មឲ្យកាន់តែធំថែមទៀតនោះ ក្រុមហ៊ុន Hubei Zhenghe Rice Industry Co.,Ltd របស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ទិញស្រូវ ពីក្រុមហ៊ុន «អង្គរកសិកម្ម រុងរឿង» របស់កម្ពុជា ចំនួន ៥០.០០០តោន ក្នុង១ឆ្នាំ ទៅកាន់ប្រទេសចិន។

លោក Chieu Arnusorn តំណាងក្រុមហ៊ុន «អង្គរកសិកម្មរុងរឿង» បានឲ្យដឹងថា អនុស្សរណៈយោគយល់នេះ នឹងបង្កើនការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន​ជាង ៥០.០០០ តោនក្នុងមួយឆ្នាំ។ វាជួយដល់ទីផ្សារកសិករ នៅក្នុងប្រទេសកម្ពុជាបានមួយកម្រិត​ទៀត ចំពោះការនាំចេញទៅប្រទេសចិន។ នេះគឺជាជោគជ័យរបស់មន្រ្តីរដ្ឋាភិបាល នៃ​ប្រទេសទាំងពីរ ដែលបានបង្កើតនូវអនុស្សរណៈយោគយល់ ដ៏សំខាន់មួយ ក្នុងការ ទិញ-លក់ អង្ករ​។

លោក Chieu Arnusorn ថ្លែងទៅកាន់អ្នកសារព័ត៌មានថា អនុស្សរណៈយោគយល់នេះ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ដែលបង្កើតប្រាក់ចំណូល ដល់ប្រទេសកម្ពុជា។ ការធ្វើបែបនេះ នឹងជួយបង្កើនចំណូលដល់កសិករ ប្រមាណ ៤០.០០០ គ្រួសារ ​ដែលចំណុះក្រុមហ៊ុន ក្នុងការដាំដុះស្រូវនាងម្លិះ ក្នុងខេត្តកំពង់ស្ពឺ។

ការចុះហត្ថលេខានេះ គឺធ្វើឡើងមុនដំណើរទស្សនកិច្ច មកដល់របស់ លោក លី កឺឈាង (Li Keqiang) ដែលបានធ្វើទស្សនកិច្ច​លើគម្រោងជាច្រើន និងជាភ្ញៀវកិត្តិយស របស់រាជរដ្ឋាភិបាលកម្ពុជា នៅសប្តាហ៍នេះ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិន-កម្ពុជា មានចំនួនជាង​៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ ដោយកើនពី ៣,៧៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៨ នេះ គឺជាឆ្នាំនៃខួបលើកទី ៦០ នៃទំនាក់ទំនងចិន-កម្ពុជា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន រិះរកគ្រប់វិធីសាស្ត្រ ដើម្បីបង្កើនផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក៕