(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ​ ​ដែល​បានជេរប្រមាថដល់សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ Facebook ថាជាឃាតក​សម្លាប់​បណ្ឌិត កែម ឡីនោះ ត្រូវបាន​ លោក ​អ៊ី ថាវរៈ ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារមួយឆ្នាំ និង ពិន័យជា​ប្រាក់​១មួយលាន​រៀល នៅថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៨នេះ​​។

​ស្ត្រី​ជាប់ចោទ​នោះមានឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិ​ទ្ធិ​មុនី បន្ទាប់ពី​រូបនាង​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ៕