(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានជំរុញឲ្យមេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាព ការងារហ្វឹកហ្វឺនលើគ្រប់ជំនាញ ដើម្បីឲ្យកងទ័ពកាន់តែមានសមត្ថភាព។

ការជំរុញបែបនេះ​ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅផែនការ សកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០១៨ របស់យោធភូមិភាគទី៥ កងទ័ពជើងគោកនៃ ខ ភ ម នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី មេបញ្ជាការរងកងទ័ពជើងគោក, អភិបាល អភិបាលរងខេត្ត បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន និងខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ កងទ័ពជើងគោក ពិសេសថ្នាក់ដឹកនាំ យោធភូមិភាគទី៥ សរុបប្រមាណ២៤៨នាក់ ដែលរៀបចំធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៥ ក្រុង-ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ច សហការល្អ របស់នាយពលទាហានគ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៥ និងបណ្តាអង្គភាពដែលឈរជើង ក្នុងភូមិសាស្ត្រយោធភូមិភាគ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបំរើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជាបានយ៉ាងរឹងមាំ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺបានផ្តោតយ៉ាងសំខាន់ទៅលើត្រូតពិនិត្យឡើងវិញ នូវចំណុចល្អ ចំណុចមិនទាន់ល្អ ចំណុចធ្វើបាន ចំណុចមិនទាន់ធ្វើបាន មូលហេតុ ខ្លាំង ខ្សោយ ដែលគ្រប់អង្គភាព បានចាត់តាំងអនុវត្តន៍ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងបន្តធ្វើឲ្យបានជោគជ័យ នូវភារកិច្ច តាមស្មារតីនៃទិសដៅ ការងារយោធានៅ ក្នុងឆ្នាំ២០១៨ខាងមុខ ដែលជាគោលដៅប្រកបដោយសារៈសំខាន់បំផុត សម្រាប់អង្គភាពនីមួយៗ។

នាយឧត្តមសេនីយ៍ មាស សុភា បានជំរុញឲ្យមេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាពទាំងអស់ ឲ្យបន្តប្រពៃណី ស្នាដៃដ៏ល្អនេះ បន្តទៀត ពិសេសត្រូវយកចិត្ត ទុកដាក់បង្កើន សកម្មភាពការងារ ហ្វឹកហ្វឺនលើគ្រប់ជំនាញ ឲ្យកងទ័ពកាន់តែមានសមត្ថភាព គប្បីយកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយពលទាហានកាន់ តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបំរើ ឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា នាយទាហានទាំងអស់ ក៏ត្រូវគោរពប្រតិបត្តិ ឲ្យបានម៉ឺងម៉ាត់ចំពោះភារកិច្ច ដែលក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម មេបញ្ជាការកងទ័ព ជើងគោក ប្រគល់ជូន ដើម្បីរួមគ្នាអនុវត្តន៍ គោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យ ទទួលជោគជ័យ។

មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏បានប្រកាសបិទកិច្ចប្រជុំ ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្ត របស់ក្រសួងការពារជាតិ ជូនដល់អង្គភាព ដែលមានស្នាដៃក្នុងចលនាប្រលង ប្រណាំង ការកសាងផ្ទះបាយគំរូ ក្នុងការចិញ្ចឹមទ័ពបានល្អ មានសត្វគោពូជ សំរាប់ចញ្ចឹម គ្រប់ពូជបន្លែ ៤ មុខ ធុងទឹកកក រួមនិងសម្ភារជាច្រើនមុខទៀត ព្រមទាំងបានផ្តល់ដល់យោធ ភូមិភាគទី៥ នូវថវិកាចំនួន ៥ លានរៀលផងដែរ៕