(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាលចំនួន៣៣នាក់ និងរបួសធ្ងន់២៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច២គ្រឿង យានផ្សេង១គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ និងប្រជែង។

សូមបញ្ជាក់ថារយៈពេល១០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០០លើក បណ្ដាលឲ្យមនុស្សស្លាប់៦៣នាក់ របួសធ្ងន់ចំនួន១១៧នាក់ និងរបួសស្រាលចំនួន៨៥នាក់៕