(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួនហ្វុក និងនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅម៉ោង១០៖២០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់កិច្ចប្រជុំ​កំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយជោគជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ​លោក ​ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង​​១៣៖៤៥នាទីរសៀល​ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។ ដោយឡែក ​លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករានេះ។

​កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ ​ធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕