(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវេលាម៉ោង១៦៖០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានទៅដល់វិមានសន្ដិភាព ហើយក្រោយចាកចេញពីសណ្ឋាគារអ៊ីនធើខន ដើម្បី​​ចូលរួមកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​

សូមជម្រាបថា ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងត្រូវចាប់ផ្តើមឡើងនៅរសៀលនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមួយនេះ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕