(ស្ទឹងត្រែង)៖ នៅដើមឆ្នាំ២០១៨នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តស្ទឹងត្រែង បានចាត់មន្ត្រីជំនាញផ្នែក​បសុព្យាបាលសត្វចុះ ជាបន្ទាន់ដើម្បីជួយសង្គ្រោះសត្វគោ ក្របី ​របស់ប្រជា​ពលរដ្ឋ ដែលកំពុងកើត​ជម្ងឺ​អ៊ុចក្តាម ​​​ឆ្លង​​ពីមួយទៅមួយ​​ ហើយករណីនេះ​ ​បើខ្វះការ​ថែទាំ​វាអាចឲ្យគោ ក្របី ងាប់ក្នុងរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ។

ស្ថិតក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារ ជម្ងឺ ឆ្លងសត្វ នៅក្រុងស្ទឹងត្រែង​ថ្មីៗនេះ​​​​​ លោក​ ​លៀង សេង ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ស្ទឹងត្រែង បានបញ្ជាក់ថា គោ ក្របី ដែលកើតជម្ងឺអ៊ុចក្តាមនេះ វាធ្វើឲ្យសត្វ​ដំបៅក្រចក​ជើង ដំបៅមាត់​ ហៀរសំបោរ ពងបែកអណ្តាត ស៊ីអាហារមិនកើត និងអាចធ្វើឲ្យ​សត្វងាប់បាន បើ​កាល​ណា​​យើងមិនបានថែ​ទាំ និងចាក់ថ្នាំព្យាបាលឲ្យបានទាន់ពេលនោះ។

លោក លៀង សេង បញ្ជាក់ថា ម្ចាស់សត្វនីមួយៗ នៅពេលគោ ក្របី ប្រសិនបើកើតមានជម្ងឺឆ្លងនេះ សូមឲ្យរាយការជា​បន្ទាន់ ទៅកាន់មន្ត្រីពេទ្យសត្វ នៅតាមភូមិ​​ហើយ មន្ទីរកសិកម្ម និងបញ្ជូនភ្នាក់ងារបសុព្យា​បាលសត្វ​ ចុះទៅជួយ​អន្តរាគមន៍​​បន្ថែម​ទៀត ​ដើម្បីទប់​ស្កាត់កុំឲ្យមានការ​ឆ្លងរាលដាលពីមួយទៅមួយ។

លោកបន្តទៀតថា ក្រោយពីសកម្មភាពព្យាបាល និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង​មន្ត្រី និងបន្តចុះទៅតាម​ស្រុកគោលដៅមួយចំនួនទៀត​ ដែល​មានគោ ​ក្របី ច្រើនដូចជាស្រុកសៀម​ប៉ាងសេសាន និង​ស្រុកថាឡាបរិវ៉ាត់ផងដែរ។

​លោក កោះ សុខ កសិករចិញ្ចឹមគោ ​នៅភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ​បានគាំទ្រ​ចំ​ពោះ​សកម្មភាព ចុះមកអន្ដរាគមន៍ទប់ស្កាត់ជម្ងឺនេះ ​ព្រោះប្រជាពលរដ្ឋអ្នកចិញ្ចឹមគោសព្វថ្ងៃ តែងតែ​ចង់​ចៀសវាង មិនឲ្យមានជម្ងឺចង្កាត់លើសត្វគោក្របីរបស់​ខ្លួន។ ព្រមទាំង​​ព្យាបាលគោ ក្របី ដល់មូលដ្ឋានដោយឥតគិតថ្លៃ និង​បានផ្តល់ថ្នាំ​វ៉ាក់​សាំង សម្រាប់​ទុកចាក់ការពារ បន្ថែមផងដែរ។

គួរបញ្ជាក់ថា ការចាក់​វ៉ាក់សាំងការពារជម្ងឺ ឆ្លងសត្វ គោ ក្របី នៅដើមខែមករា​នេះ មន្ត្រីបសុព្យាបាល​សត្វ​ នៃ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយព្យាបាលសត្វគោ បានចំនួន២១៣ក្បាល និងសត្វក្របីចំនួន៤១ក្បាល ព្រមទាំងចាក់វ៉ាក់​សាំង ការពារសត្វគោបាន ចំនួន៧៦៧ក្បាល និងសត្វក្របីបានចំនួន២២៥ក្បាល៕