(កំពង់ធំ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញបំពាក់គ្រឿងឥស្យរិយយសការងារ និងប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន៣៧៧នាក់ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ហ៊ុន សែន ខេត្តកំពង់ធំ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានក្រើនរំលឹកដល់មន្រ្តីក្នុងក្របខ័ណ្ឌក្រសួងអប់រំទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលជាមាតាបិតាទី២ ត្រូវធ្វើជាគំរូល្អដល់សិស្ស និងខិតខំបង្រៀនតាមកម្មវិធីសិក្សារបស់ក្រសួងឲ្យបានល្អប្រសើរ ជាពិសេសត្រូវព្យាយាមបង្កើននូវគុណភាពអប់រំ តាមរយៈការអប់រំបណ្តុះស្មារតីដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ប្រកបដោយគុណភាព សមត្ថភាព ដែលអាចទទួលយកបាន។

លោកបន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតនូវប្រាក់បំណាច់មុខងារដាច់ដោយឡែករបស់ក្រសួងអប់រំ ពីមន្រ្តីរាជការក្រសួងដទៃ ដែលប្រាក់បៀវត្សរ៍មានការកើនឡើងពី៤០ម៉ឺនរៀល នៅឆ្នាំ២០១៣ ដល់១លាន១សែនរៀល នៅខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ការដំឡើងយ៉ាងដូច្នេះ គឺដើម្បីលើកស្ទួយនូវកម្រិតជីវភាពគ្រូបង្រៀន ក្នុងការរស់នៅប្រចាំថ្ងៃ និងដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃការបង្រៀន និងរៀនឲ្យកាន់តែប្រសើរឡើងថែមទៀត ជាក់ស្តែងចំនួនសិស្សដែលប្រឡងជាប់និទ្ទេស A មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់បានល្អប្រសើរជាងមុន ដែលធ្វើឲ្យការសិក្សារបស់សិស្សានុសិស្ស ទទួលបានលទ្ធផលសិក្សាល្អគួរឲ្យកត់សម្គាល់ ស្របតាមកំណែរទម្រង់ក្នុងវិស័យអប់រំ ដែលមានទិសដៅលើកកម្ពស់តម្លៃគ្រូបង្រៀន គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមតម្រូវការទីផ្សារ និងសមាហរណកម្មអាស៊ាន។

លោកបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវគោរពវិន័យ មកបង្រៀនឲ្យបានទៀងទាត់ ដើម្បីបន្តអនុវត្តតាមគោលនយោបាយកំណែទម្រង់ ក្នុងប្រព័ន្ធអប់រំនេះ ឲ្យមានប្រសិទ្ធភាពបន្តទៀត។

លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ធ្វើរបាយការណ៍នៃកាបំពាក់គ្រឿងឥស្យរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូក្នុងខេត្តកំពង់ធំចំនួន ៣៧៧នាក់ ក្នុងនោះមេដាយមាសមានចំនួន ៩១នាក់ មេដាយប្រាក់ចំនួន ១២៤នាក់ មេដាយសំរឹទ្ធមានចំនួន ១៦២នាក់ និងប័ណ្ណសរសើរចំនួន ៤៣នាក់៕