(កណ្តាល)៖ ថ្លែងក្នុងឱកាសបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់មន្ត្រីនគរបាលរាជការស៊ីវិលទាំងអស់ដែលបានផ្លាស់ប្តូរ តួនាទីរបស់ខ្លួនជាទៅជាមន្ត្រីនគរបាល តម្រូវទៅរៀនបន្ថែមនៅសាលនគរបាលកម្ពុជាឲ្យបានគ្រប់ៗគ្នា ទើបអនុញ្ញាតឲ្យចូលបម្រើការជាមន្ត្រីនគរបាលកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា «សម្រាប់មន្រី្តស៊ីវិលដែលចង់ធ្វើនគរបាលផ្ទេរមក យើងបានស្វាគមន៍ តែចំណាររបស់ខ្ញុំ គឺមិនដែលភ្លេចទេ ទទួលយកស្វាគមន៍ ប៉ុន្តែលក្ខខណ្ឌ ចាំបាច់បំផុត មុននឹងចូលធ្វើការត្រូវរៀនសិន! ទៅរៀននគរបាលសិន! ព្រោះបើស៊ីវិល អត់មករៀននគរបាលធ្វើម៉េចកើត? មកធ្វើនគរបាលម៉េចនឹងកើត»? ការដែលឲ្យមន្ត្រីស៊ីវិលទៅរៀនបន្ថែមដូចនេះ គឺជារឿងត្រឹមត្រូវដែលមន្ត្រី ដែលចង់ធ្វើការអ្វីត្រូវចេះជំនាញនោះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «គ្រប់មន្ត្រីទាំងអស់មិនមែនមកយកតែស័ក្តិនោះទេ ជារឿងត្រឹមត្រូវឲ្យមានស្តង់ដារ! ព្រោះថា បើប៉ូលីស គេចេះប៉ូលីស គេមានសមត្ថភាព ធ្វើការប៉ូលីស…។ តួយ៉ាងសាលាភូមិន្ទរដ្ឋបាល ដែលបណ្តុះបណ្តាលអភិបាល អភិបាលរង ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលសុទ្ធតែបានឆ្លងកាត់សាលា ដើម្បីមានចំណេះដឹងទៅតាមជំនាញដែលខ្លួនត្រូវធ្វើ។

សម្តេច ស ខេង បានបញ្ជាក់ថា ដើម្បីបានគ្របខណ្ឌជាមន្ត្រីនគរបាល ត្រូវតែឆ្លងកាត់ការប្រឡង ប្រសិនបើយើងជ្រើសរើសអត់មានការប្រឡង ហើយយកមកបំពេញការងារ និងបំពាក់ស័ក្តិវាក៏ល្អម្យ៉ាងដែរ ក៏ប៉ុន្តែមនុស្សនោះអត់ចេះធ្វើកា និងសមត្ថភាពពិតប្រាកដនោះទេ។ ដូច្នេះដើម្បីទទួលបានមន្ត្រីដែលមានសមត្ថភាពគឺត្រូវឲ្យឆ្លងកាត់ការប្រឡងជាមុនសិន។

បើតាមសម្តេច ស ខេង ដើម្បីធ្វើកំណែទម្រង់គុណភាពមន្ត្រីនគរបាល ត្រូវអនុវត្តរបៀប៣ផ្នែករួមមានទី១៖ ធ្វើកំណែទម្រង់គោលការណ៍គ្រប់គ្រង, ទី២៖ កំណែទម្រង់រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងទី៣៖ កំណែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកទាំង៣នេះវាសារសំខាន់ខ្លាំងណាស់ ដើម្បីអង្គភាពទាំងអស់មានធនធានមនុស្សគ្រប់គ្រាន់ ការបំពេញភារកិច្ចជូនប្រជាពលរដ្ឋជាតិមាតុភូមិ៕