(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ប្រតិភូ៣រូប មកពីសមាគមទីក្រុង នៃខេត្តប្រីទីសកូឡុមបី Union of British Columbia Municipalities (UBCM) ប្រទេសកាណាដា បានជួបប្រជុំជាមួយគណៈកម្មការ ទំនាក់ទំនងសាធារណៈ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងគោលបំណងចែករំលែកវិធីសាស្រ្ត និងសមិទ្ធផល នៃការងារទំនាក់ទំនងរបស់ UBCM ដើម្បីរួមចំណែកក្នុងការរៀបចំលក្ខណ្ឌការងាររបស់គណៈកម្មការ។

ការផ្តល់បច្ចេកទេសរបស់ UBCM ជាផ្នែកមួយនៃគម្រោង «គំនិតផ្តួចផ្តើមរបស់ទីក្រុង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)» ២០១៦-២០២០ អនុវត្តនៅប្រទេសកម្ពុជា តាមរយៈ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមការគាំទ្រហិរញ្ញវត្ថុពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM)។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក គង់ ឆេង, លោក យុង ហួត និងលោក សំរិទ្ធិ អេង អនុប្រធានសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ លោក គង់ ឆេង ជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈរបស់សម្ព័ន្ធភាពជាតិ។

ប្រតិភូ UBCM ទាំង៣រូបរួមមាន៖ លោក Arjun Singh ក្រុមប្រឹក្សាក្រុង Kamloops អនុប្រធានទី១ UBCM, លោកស្រី Sharon Gaetz អភិបាលក្រុង Chilliwack អនុប្រធានទី៣ UBCM និងលោក Gary Maclsaac នាយកប្រតិបត្តិ UBCM។

ជាមួយនឹងការគាំទ្រពី FCM ចាប់តាំងពីឆ្នាំ២០១០ គណៈកម្មការទំនាក់ទំនងសាធារណៈដែលបច្ចុប្បន្ន មានសមាសភាព១៣រូប សម្រេចបានសមិទ្ធផលជាច្រើន ក្នុងការផ្សព្វផ្សាយការងារ របស់សម្ព័ន្ធភាពជាតិ៕