(ភ្នំពេញ)៖ នៅវេលាម៉ោង​១៤៖២០នាទី​​រសៀល​ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ លោក ​លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។

ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ។

សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅ១៦៖០០រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។