(ព្រះវិហារ)៖ ​នៅទី៩​ ខែមករា​ ឆ្នាំ២០១៨​ លោក កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធាន​គណកម្មការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ​​របស់រាជរដ្ឋាភិបាល​ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការអនុវត្តផែន​ការភូមិស​ គ្មានគ្រឿងញៀន​ ដែលបានអនុវត្តនៅភូមិអានសេះ​ និងឈើទាលគង​ ដោយមានការចូលរួមពីតំណាង​ក្រសួងការពារជាតិ​ ក្រសួងសុខាភិបាល​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ គណកម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនខេត្ត​ ស្រុកជាំក្សាន​ ឃុំជាំក្សាន​ និងអ្នកពាក់ព័ន្ធ​ភូមិអានសេះ​ ឈើទាលគង​ ។

ក្នុងឱកាសនោះ​ លោក​ កៅ​ ខុនដារ៉ា​ បានថ្លែងការកោតសើរនិងលើកទឹកចិត្ត​ដល់អ្នកពាក់ពន្ធ័ដែលបានរួមគ្នាខិតខំអនុវត្តការងារ​តាមផែនការ​ដែលបានដាក់ចុះ​និងបានណែនាំឲ្យអ្នកពាក់ព័ន្ធខិតខំអនុវត្ត​នូវផែនការសកម្មភាពនេះបន្ថែមទៀតដើម្បីប្រែក្លាយ​ភូមិទាំងពីរក្លាយជាភូមិគំរូ​គ្មានគ្រឿងញៀន​សម្រាប់ពង្រីកបន្តទៅបង្កើតភូមិសនៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា​ ថៃ​ ។

ជាមួយគ្នានេះ លោក​ កៅ​ ខុនដារ៉ា​ បានបន្ថែមថា​ ការបង្កើតភូមិសគ្មានគ្រឿងញៀននេះគឺជាជញ្ជាំង​ដ៏រឹងមាំសម្រាប់ទប់ស្កាត់បញ្ហា​គ្រឿងញៀនឆ្លងកាត់ព្រំដែន​ ។

ក្នុងឱកាសនោះដែរ​ លោក កៅ​ ខុនដារ៉ា​ បានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្រ្តីនគរបាល​ចំនួន២០រូបដែលបានចូលរួមវគ្គ​បណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនិងបង្រ្កាបបទ​ល្មើសគ្រឿងញៀន​តាមប្រព័ន្ធកុំព្យួទរ័​  (eLearning) ដែលកម្មវិធីបណ្តុះបណ្តាល​របស់ការិយាល័យគ្រឿងញៀន​ និងឧក្រឹដ្ឋកម្មសហប្រជាជាតិ  (UNODC)៕