(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនជនត្រូវចោទ ឬមិនឃុំខ្លួន ជនជាប់ចោទ នៅថ្ងៃទី១០ ខែមករា ស្អែកនេះ។

សមត្ថកិច្ច បានបញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ សរ សុខន ហៅស្រី អាយុ៥៩ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៤៧ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកដើមបណ្តឹងឈ្មោះ ហៃ ណារ៉េត ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា ស្ត្រីរូបនេះជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណង និង ដោយចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ» ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ , ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ និង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់៕