(ភ្នំពេញ)៖ គួរឲ្យសង្វេគ និងអាណោចអាធមជាខ្លាំង មនុស្សមួយគ្រួសាររួមមានឪពុក ម្តាយ និងកូនប្រុសតូចផង បានស្លាប់ និងមនុស្សមួយចំនួនទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកងយោធពលខេមរភូមិន្ទមួយគ្រឿង បុករះរថយន្ត និងម៉ូតូ៦គ្រឿង នៅលើផ្លូវជាតិលេខ៤ ម្តុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ នាព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា រថយន្ដបង្កហេតុពាក់ស្លាកលេខខេមរភូមិន្ទ 3-3936 បានបុករះរថយន្ដចំនួន ៤គ្រឿង និងបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះ ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

បើតាមសេចក្តីរាយការណ៍ ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់ គឺជាឪពុក ម្តាយ និងកូន។ កូនប្រុសនោះ មានអាយុប្រហែលជា ៥ឆ្នាំ។ ប្រជាពលរដ្ឋពលរដ្ឋចោមរោមមើលហេតុការណ៍នៅកន្លែងកើតហេតុ បានកើតក្តីតក់ស្លុត និងរន្ធត់ជាខ្លាំងចំពោះគ្រោះថ្នាក់ចរាចរខាងលើនេះ។ មកដល់ពេលនេះអត្តសញ្ញាណជនរងគ្រោះគេនៅមិនទាន់បានដឹងនៅឡើយទេ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបរបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ដោយឡែកអ្នកបើកបររថយន្ដបង្ក ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ផងដែរ ឈ្មោះ យឹម ភារម្យ អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ​ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕