(ភ្នំពេញ)៖ មុនពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ចាប់ផ្តើម ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​នោះ នៅថ្ងៃទី១០ ខែមករាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបពិភាក្សាការងារជាមួយមេដឹកនាំ មកពីប្រទេសជិតខាងចំនួន៣ របស់កម្ពុជា នៅវិមានសន្តិភាព។

មេដឹកនាំដែលនឹង​ជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖

១៖ ​នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ សម្តេចនឹងអញ្ជើញពិសារបាយការងារ ជាមួយនាយករដ្ឋមន្ត្រី ​នៃប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)

២៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល សម្តេចតេជោ នឹងជួបពិភាក្សាការងារ ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃប្រទេសថៃ

៣៖ នៅវេលាម៉ោង១៤៖៤០នាទីរសៀល សម្តេចតេជោ ហ៊ុន​ សែន នឹងជួបជាមួយអនុប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា លោក Myint Swe។

សូមជម្រាបថា ប្រទេស​កម្ពុជានឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គចំនួន៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សា លើបញ្ហាសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់។

កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារៈសំខាន់ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើង សុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍ នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕