(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមគ្រួសារទាំងមូល បានចេញសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ និងញាត្តិមិត្តទាំងឡាយ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសក យោគ វង្សី​ ជាឪពុកបង្កើត កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។

លោក វង្សី វិស្សុត និងក្រុមគ្រួសារ បានចាត់ទុកថា ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមជាកិត្តិយស ព្រមទាំងការជួយជ្រោមជ្រែងនាពេលមកនេះ បានបង្ហាញឃើញពីទឹកចិត្តគោរពស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញាទាំងអស់ ហើយលោកសូមចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តម ប្រកបដោយសប្បុរសធម៌ និងគុណូបការៈ ដ៏ថ្លៃថ្លាគ្រាដែលលោក និងគ្រួសារកំពុងតែមានទុក្ខដ៏ក្រៀមក្រមនេះ។

សូមបញ្ជាក់ថា លោក យោគ វង្សី ជាឪពុកបង្កើតរបស់លោក វង្សី វិស្សុត បានទទួលមរណភាពដោយជរាពាធ នៅក្នុងជន្មាយុ៨១ឆ្នាំ នៅវេលាម៉ោង៨៖៤៩នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨៕