(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ប្រធានការិយាល័យអនុព័ន្ធយោធា វៀតណាមប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជាផ្លូវការ ដែលជាអំណោយរបស់ក្រសួងការពារប្រទេស កងទ័ពប្រជាជនវៀតណាម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងថា តាមរយៈនៃការជួយរបស់ភាគីមិត្ត ដល់កងយោធពលខេមរភូមិន្ទ គឺបានសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ថែមទៀតពីការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងរដ្ឋាភិបាលកងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែមានភាពជិតស្និទ្ធិរីកចម្រើន និងរឹងមាំ។

នាយឧត្តមសេនីយ៍ មាស សុភា បានបន្តថា សមិទ្ធិផលដែលនៅចំពោះមុខយើងនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតសំរាប់កងពលលេខ៤១ ហើយក៍មិនមែនជាសមិទ្ធិផលចុងក្រោយនោះដែរ គឺនូវមានជាបន្តបន្ទាប់ទៀត ដែលវៀតណាមត្រូវផ្តល់ឲ្យជាបន្តបន្ទាប់ទៀត។ បន្ទាប់មក នាយឧត្តមសេនីយ៍ មាស សុភា ក៏បានកាត់ខ្សែបូរណ៍ បើកសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការចាប់ពីពេលនេះតទៅ ព្រមទាំងបានដាំកូនឈើ ទុកជានិម្មិតរូប នឹងផ្តល់ថវិកាដល់កងពលចំនួន៥ លានរៀលផងដែរ។

ឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងថា សំណង់អគារដែលត្រូវដាក់សម្ភោធន៍ឲ្យប្រើប្រាស់នៅពេលនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ សាងសង់រួចរាល់នៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ទោ នាង ឃីម បានបន្តថា អគារនេះមានទទឹង៨ម៉ែត្រ បណ្តោយ២៧ម៉ែត្រ កម្ពស់២ជាន់ ស្មើរ១២បន្ទប់ មានបន្ទប់សាល់ប្រជុំ បន្ទប់មេបញ្ជាការ បន្ទប់ជំនួយការ នឹងបន្ទប់ស្នាក់នៅប្រចាំការ ធ្វើពីបេតុង ប្រក់គ្បឿង តាមរចនាបទខ្មែរ ចំណាយអស់ទឹកប្រាក់ប្រមាណ១៣ម៉ឺន ៥ពាន់៨០០ដុល្លារ ក្នុងនោះមានថវិការបស់ក្រសួងការពារប្រទេសវៀតណាម​ ចំនួន១១ម៉ឺន៥ប្រាំពាន់ដុល្លារ ថវិការបស់កងពលតូចថ្មើរជើងលេខ៤១ ចំនួន២ម៉ឺន៨០០ដុល្លារ នេះពុំបានគិតចូលអំពីសម្ភារបំពាក់ប្រមាណ២ម៉ឺនដុល្លានោះទេ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ជំនួសមុខឲ្យរដ្ឋាភិបាល ក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា គឺជាមិត្តល្អមិនអាចខ្វះបានឡើយនៅឥណ្ឌូចិន ព្រោះថាប្រទេសយើងទាំងពីរ គឺជាមិត្តដែលធ្លាប់មានប្រពៃណីតស៊ូរំដោះជាតិ ឲ្យរួចផុតពីនឹមអាណានិគមន៍បរទេស។ ដូច្នេះបើប្រទេសមិត្តណាមួយជួបនូវការលំបាក់យើងត្រូវតែជួយមិត្តឲ្យរួចពីភាពក្រីក្រ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង បានបានថ្លែងនូវការអរគុណចំពោះភាគីមិត្តកម្ពុជា ដែលកន្លងមកបានសហការយ៉ាងល្អក្នុងការ ជួយរុករកអដ្ឋិធាតុទាហានបាត់ខ្លួនវៀតណាម នៅកម្ពុជា ក្នុងសម័យសង្គ្រាមនៅកម្ពុជា និងវៀតណាម។ អគារដែលត្រូវដាក់សម្ភោធន៍នៅពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត នៃចំណងទាក់ទងនិងការឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា៕

នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤