(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះថា កាលពីព្រឹកមិញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកវីហ្គោ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-2-8916 បានក្រឡាប់បណ្តាលឲ្យមន្រ្តីយោធាចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅផ្លូវលេខ៤១ គីឡូម៉ែត្រលេខ17-18 ភូមិខ្លែពណ៌ខាង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

របាយការណ៍របស់លោកស្នងការខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលជាមន្រ្តីអង្គរក្សចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលរួមមាន៖ ទី១-ឈ្មោះ ផាន់ មករា (របួសធ្ងន់) អាយុ៣០ឆ្នាំ, ទី២-ឈ្មោះ ផាន់ សទីន អាយុ២៨ឆ្នាំ របួសធ្ងន់, ទី៣-ឈ្មោះ ឆែម ឆៃយ៉ា អាយុ២៨ឆ្នាំ របួសស្រាល និងទី៤-ឈ្មោះ នាង លីហ្សា អាយុ២៨ឆ្នាំ រងរបួសស្រាល នៅអង្គភាពជាមួយគ្នា។

បើតាមរបាយការណ៍ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តម៉ាកវ៉យវ៉ូក្បាលស ទ្រុងខៀវ បើកដោយឈ្មោះ ផល រុំ អាយុ៥០ឆ្នាំ រស់នៅភូមិដីកំពត ឃុំដីកំពត ខេត្តព្រៃវែង ស្រាប់តែបណ្ដាលឲ្យរថយន្តរបស់ជនរងគ្រោះ ក្រឡាប់ខ្លួនឯង រងរបួសទាំង៤នាក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯរថយន្តត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីយកទៅជួសជុលឡើងវិញ៕