(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ​សំណើ និងបញ្ហាផ្សេងៗ រ​បស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិជើងឯក សង្កាត់ជើងឯក។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ ក៏បានពិនិត្យមើល គម្រោងដាក់លូ១ខ្សែ ប្រវែងសរុប៤៥០ម៉ែត្រផងដែរ។

លោក នុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំយកការនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។

លោកអភិបាល ក៏បានផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងពីរ ដែលតែងគិតគូពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋភូមិជើងឯក បានធ្វើការថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរពីការលំបាករបស់ពួកគាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា៕