(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នឹងបើកសវនាការជំនុំជម្រះរឿងក្តីរបស់ជនជាប់ចោទ គឹម សុខ ដែលបានប្តឹងជំទាស់ ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ (សំណុំរឿងអង្គសេចក្តី) ពាក់ព័ន្ធនឹងសំណុំរឿងចោទ គណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី។ នេះយោងតាមដីកាកោះហៅជនជាប់ចោទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករានេះ ។

សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាគឺឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ៕