(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ មានរៀបចំពិធីអបអរសាទរខួបលើកទី ៣៩ នៃថ្ងៃទិវាជ័យជម្នះ ៧មករា ដែលមានការចូលរួមពី​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន​៦០០នាក់ផងដែរ។

មានមតិសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ លោក ម៉ុម សារឿន បានថ្លែង​ថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានរំដោះជីវិតប្រជាជនពីសមុទ្រឈាម ដោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយគណបក្សប្រជាជនកម្ពុជា និងបានបន្តដឹកនាំកសាងប្រទេសជាតិ រហូតសម្រេចបាននូវសមិទ្ធផលនានា យ៉ាងត្រចះត្រចង់ ដូចសព្វថ្ងៃនេះ។

​បើតាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងរូបនេះ​ ការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីរំលឹកនូវទិវាជ័យជម្នះ ក្នុងស្មារតីគោរពដឹងគុណ ចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ហើយ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព៕