(ភ្នំពេញ)៖ ជុំវិញអំពើឃាតកម្ម​ ដែលយុវជនម្នាក់ត្រូវគេដេញកាប់សម្លាប់ ហើយពេលរត់មកដល់មុខផ្ទះ ស្រែកឲ្យបងប្អូនជួយមិនបានប៉ុន្មានផង ក៏ដាច់ខ្យល់ស្លាប់​នោះ ត្រូវបានចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីមានអំពើឃាតកម្មនេះកើតឡើង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ផ្នែកអន្ដរាគមន៍ពិសេសរបស់ខណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់។

ជាមួយគ្នានោះ កម្លាំងនគរបាលជំនាញ ក៏បានឃាត់ខ្លូនជនសង្ស័យម្នាក់ផងដែរ ដែលជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដែលពាក់ព័ន្ធជាមួយអំពើលួច។

សូមជម្រាបថា យុវជនម្នាក់ត្រូវគេដេញកាប់សម្លាប់ ហើយពេលរត់មកដល់មុខផ្ទះ ស្រែកឲ្យបងប្អូនជួយមិនបានប៉ុន្មានផង ក៏ដាច់ខ្យល់ស្លាប់តែម្តង។ ហេតុការណ៍គួររន្ធត់ខាងលើនេះ បានកើតឡើង នៅយប់រំអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន ធឿនធារ៉ា អាយុ១៧ឆ្នាំ មុខរបរស៊ីឈ្នួលមើលទា បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលមូលដ្ឋានដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រា ពីកន្លែងកើតចំងាយប្រហែលជា៥០ម៉ែត្រ ដោយមានគ្នាចំនួន៥នាក់ ខណៈអង្គុយផឹកស្រាបានមួយសន្ទុះ ក៏មានមិត្តភ័ក្រជនរងគ្រោះម្នាក់ទៀត មកហៅជនរងគ្រោះចេញទៅបាត់ មិនដឹងចេញណាទេ លុះមកដល់ម៉ោងប្រហែលជាង១យប់ ជនរងគ្រោះត្រឡប់មកវិញ ដោយមានស្នាមរបួសពេញខ្លួន ហើយបានស្រែកហៅឲ្យពូជួយ ពេលនោះពូជនរងគ្រោះក៏ចុះពីលើផ្ទះ ហើយក៏បានឃើញជនរងគ្រោះប្រកាច់ស្លាប់បាត់ទៅហើយ៕