(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាលចំនួន២នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច៤គ្រឿង យានផ្សេង២គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល៨ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨២លើក បណ្ដាលឲ្យមនុស្សស្លាប់៥០នាក់ របួសធ្ងន់ចំនួន៧៦នាក់ និងរបួសស្រាលចំនួន៤៧នាក់៕