(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នឹងមានការចល័តយុទ្ធោបករណ៍​នៃកងយោធពលខេមរភូមិន្ទមួយចំនួនទៅកាន់មជ្ឈមណ្ឌលមណ្ឌលកោះពេជ្រ ដើម្បីដាក់តាំងពិព័រណ៍បង្ហាញដល់សាធារណជន។ សាលារាជធានីភ្នំពេញ បានសុំឲ្យប្រជាពលរដ្ឋទាំងអស់កុំមាន​ការភ្ញាក់ផ្អើលចំពោះការចល័តយុទ្ធោបករណ៍ទាំងអស់នេះ។

ការចល័តយុទ្ធោបករណ៍ទាំងអស់នេះ គឺដើម្បីយកទៅតាំងពិព័រណ៍ក្នុងឱកាសដែលកងយោធពលខេមរភូមិន្ទរៀបចំ​ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។

បើតាមការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ការចល័តយុទ្ធោបករណ៍នេះចែកចេញជាពីគោលដៅ។ ក្នុងនោះមួយគោលដៅ នឹងធ្វើចេញពីកងពលតូចថ្មើរជើងលេខ៧០ ក្នុងខណ្ឌពោធិ៍សែនជ័យ កាត់លើកំណាត់ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង មហាវិថីម៉ៅសេទុង ឆ្ពោះមកវិថីសម្តេចសុធារស ហើយឆ្លងទៅមជ្ឈមណ្ឌលកោះពេជ្រ។

ដោយឡែកមួយគោលដៅទៀត គឺចល័តចេញពីទីបញ្ជាការដ្ឋានកងអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់តាមផ្លូវជាតិលេខ២១ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅមហាវិថីព្រះនរោត្តម ហើយឆ្ពោះទៅវិថីសម្តេចសុធារស រួចបន្តទៅមជ្ឈមណ្ឌលកោះពេជ្រ៕