(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្ដីចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ លោក លី ខឺឈាង នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។

លោក លី ខឺឈាង ក៏នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ បន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ហើយនិងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក លី ខឺឈាង នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខ័ន្ធនៅមណ្ឌលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។  

ទស្សនកិច្ចផ្លូវការរបស់លោក លី ខឺឈាង ដែលនឹងប្រព្រឹត្តក្នុងពេលចាប់ផ្តើមខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា  និងសាធារណរដ្ឋប្រជាមានិតចិន  នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ៕