(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក គង់ ខាត់ ដែលជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អមដំណើរសម្តេចនាយករដ្ឋមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធបិតាក្មេកសម្តេចភក្តី សាយ ឈុំ នាពេលនេះ ក៏មានវត្តមាន ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់់ផងដែរ។

សូមបញ្ជាក់ថា ឧបាសក គង់ ខាត់ ដែលជាបិតាក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕