(ចំណេះដឹងទូទៅ)៖ វាបានឈានចូលដល់រយៈពេល ១សប្តាហ៍ហើយ ចាប់តាំងពីយន្តហោះ AirAsia ជើងហោះហើរ QZ8501 បានបាត់ការទំនាក់ទំនង ជាមួយនឹងមនុស្ស ១៦២នាក់ជិះនៅលើនោះ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានឲ្យដឹងថា យន្តហោះបានធ្លាក់នៅក្នុងសមុទ្រ នៃប្រទេស ឥណ្ឌូនេស៊ី។ ចំណែកក្រុមស្វែងរកបានបន្តការស្រាវជ្រាវរកយន្តហោះ AirAsia នោះមិនទាន់ឃើញនៅឡើយទេ គិតមកត្រឹមថ្ងៃត្រង់ទី០៣ ខែមករា ឆ្នាំ២០១៥នេះ ប៉ុន្តែសាកសពចំនួន ៣០នាក់ហើយ ត្រូវបានក្រុមជួយសង្គ្រោះប្រទះឃើញ និងស្រង់ចេញពីទឹកសមុទ្រ។ ចំណែក Black Box ត្រូវបានប្រទេសបារាំង បញ្ជូនក្រុមជំនាញមុជទឹកមកជួយរក Black Box ដើម្បីចង់ដឹងការពិត នៃការធ្លាក់យន្តហោះ។

ខាងក្រោមនេះ ព័ត៌មានសំខាន់ៗចំនួន៧យ៉ាង ពាក់ព័ន្ធនឹង Black Box ?

១. តើមានអ្វីខ្លះនៅ​ក្នុងBlack Box? Black Box ត្រូវបានបង្កើតឡើងរួមមាន Flight-data recorder និង Cockpit-voice recorder។ Flight-data recorder ជាឧបករណ៍ដាច់ដោយឡែកមួយ ដែល​មានតួនាទីរក្សាទុកនូវទិន្នន័យថ្មីៗ របស់យន្តហោះ ។ ចំណែក cockpit voice recorder ជាឧបករណ៍សម្រាប់​ថតសម្លេង​នៅលើយន្តហោះ រួមទាំង​សម្លេង​សន្ទនារបស់​អ្នកបើកបរ​ផងដែរ។

២. Black Box ធាតុពិតមានពណ៌ទឹកក្រូច៖ ជាទូទៅត្រូវបានគេលាប​ពណ៌ឆើតៗដើម្បីងាយស្វែងរក។ វាជាឧបករណ៍មិនជ្រាបទឹក និងវាអាចធន់ជាមួយនឹង​កម្លាំងទង្គិតរហូតដល់​ ៣,៤០០ដងដែលមានន័យថា វា​មានសមត្ថភាពធន់ខ្ពស់​ ទោះបីជាយន្តហោះត្រូវរងការប៉ះទង្គិចបាក់បែកខ្លាំងបែបណាក្តី។

៣. តើ Black Box មានទីតាំងស្ថិតនៅត្រង់ណា? ជាទូទៅវាត្រូវបានដាក់នៅ​ផ្នែកកន្ទុយនៃយន្តហោះ ដោយ​សារ​​វាជាទីតាំងដែលអាចរងផលប៉ះពាល់តិចជាងគេ​ ក្នុងករណីដែលមាន​ហេតុការណ៍ប៉ះទង្គិច​កើត​ឡើង។ យ៉ាងនេះក្តីទីតាំងនៃ Black Box គឺអាស្រ័យទៅលើប្រភេទនៃយន្តហោះនីមួយៗ។

៤. តើក្រុមស្រាវជ្រាវកំណត់ទីតាំងរក Black Box ដោយរបៀបណា? Black Box​ នឹងបញ្ចេញនូវសម្លេង​អាសន្នរបស់វា។ ក្រុមស្រាវជ្រាវចាំបាច់ត្រូវធ្វើយ៉ាងណា រកទីតាំងក្បែរៗឧបករណ៍នេះ ទើបអាចចាប់សម្លេងរបស់ Black Box បាន។ ក្រុមស្រាវជ្រាវអាចប្រើប្រាស់ឧបករណ៍ ស្រូបសម្លេងដើម្បីស្វែងរកបាន​ ដោយឧបករណ៍​ខ្លះអាចចាប់សម្លេងបាននៅក្នុងជម្រៅរហូតដល់ ៤.៥គីឡូម៉ែត្រ។ យ៉ាងនេះក្តី​ Black Box អាចមាន​បន្ត​បញ្ចេញសម្លេងបានត្រឹមតែ ៣០ថ្ងៃ ឬទាបជាងនេះប៉ុណ្ណោះ អាស្រ័យទៅតាមប្រភេទរបស់វា។

៥.តើវានឹងចំណាយពេលយូរប៉ុណ្ណាក្នុងការស្វែងរក Black Box? ក្នុងករណីខ្លះ ការស្រាវជ្រាវ​ត្រូវការពេល​រាប់ខែ ឬរហូតដល់រាប់ឆ្នាំក៏មាន។ ជាក់ស្តែង​ ករណីយន្តហោះ បារាំង ៤៤៧ ជាមួយអ្នកដំណើរ​ ២២៨នាក់ ដែលបានបាត់ដំណឹងកាលពីឆ្នាំ២០០៩ កន្លងទៅនេះ ក្រុមស្រាវជ្រាវចំណាយពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការរកសាកសព និងបំណែកខ្លះៗរបស់យន្តហោះ។ តែពួកគេត្រូវចំណាយពេល​រហូតដល់​ជាង ២ឆ្នាំ ដើម្បី​រកផ្នែកដ៏សំខាន់នៃយន្តហោះ និងឧបករណ៍ Black Box នេះ។ ចំណែកករណី MH370 របស់ប្រទេសម៉ាឡេស៊ីវិញ រហូតមកទល់ពេលនេះ ក្រុមការងារនៅតែមិនទាន់រកឃើញនៅឡើយ បន្ទាប់ពីបាន​បាត់​ដំណឹងតាំងពីថ្ងៃទី០៨ ខែ​មីនា ឆ្នាំ២០១៤កន្លងទៅនេះ។

៦. តើមានរឿងអ្វីកើតឡើង ប្រសិនបើ Black Box ត្រូវបានរកឃើញ? ក្រុមអ្នកស៊ើបអង្កេត​នឹងធ្វើការ​វិភាគ​ ទៅលើ​ទិន្នន័យនានាដែលទទួលបានពី Black Box ដែលដំណើរការនៃការវិភាគនេះ​ អាចត្រូវការរយៈ​ពេល​ពីរ​​ទៅបីថ្ងៃ។ យ៉ាងនេះក្តី មានតែប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ​ ដែលអាចមានសមត្ថភាពក្នុង​ការ​វិភាគទិន្នន័យនេះបាន ​ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងបារាំង។

៧.តើមានមធ្យោយបាយអ្វីផ្សេងទៀត ក្នុងការរក្សាទិន្នន័យលើយន្តហោះ ជំនួសឲ្យការប្រើប្រាស់ Black Boxដែរឬទេ?  បន្ទាប់ហេតុការណ៍គ្រោះថ្នាក់ នៃយន្តហោះដ៏រន្ធត់នៅក្នុងឆ្នាំ២០១៤នេះ ជម្រុញឲ្យមានការ​ជជែកពិភាក្សា​ ដោយរក្សាទិន្នន័យរបស់យន្តហោះ ជាមួយនឹងផ្កាយរណបវិញ ដែលអាចបញ្ជូន​ព័ត៌មាន​មកវិញបាន នៅពេលដែលត្រូវ​ការ។ ការពិតទៅប្រព័ន្ធបែបនេះ ត្រូវបានបង្កើតរួចទៅហើយ ហើយបច្ចុប្បន្ននេះមានយន្តហោះ ប្រហែលពីរបីរយគ្រឿងដែល​បានបំពាក់ប្រព័ន្ធបែបនេះ។ ប៉ុន្តែវាជាប្រព័ន្ធ​មិនសូវមានអ្នកនិយម  ដោយសារភាពកម្រនៃ​គ្រោះថ្នាក់​របស់យន្តហោះនីមួយៗ បូករួមទាំង​តម្លៃ​ដ៏ថ្លៃរបស់​វាថែមទៀតផង។ មិនថាការបំពាក់ និងដំណើរការនៃបញ្ជូនព័ត៌មាន ពីផ្កាយរណប​នៃយន្តហោះនីមួយៗ សុទ្ធតែចំណាយថវិការច្រើនបំផុត។ របាយការណ៍មួយបង្ហាញថា សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក អាចត្រូវការចំណាយប្រាក់ចំនួន ​៣០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការបញ្ជូន​ព័ត៌មាន​នៃយន្តហោះទាំងអស់​ពី​ផ្កាយរណប ទោះបីជាតម្លៃនេះត្រូវបានបញ្ចុះ ៥០ភាគរយទៅហើយក្តី៕