(ភ្នំពេញ)៖ កម្លាំងនគរបាលកម្ពុជា បានឃាត់ខ្លួនស្ត្រីជនជាតិអូស្ត្រាលី ដើមកំណើតវៀតណាមម្នាក់ ដែលរត់ពន្ធគ្រឿងញៀនឆ្លងខុសច្បាប់ចូលមកកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ជាមួយនឹងរកឃើញមានលាក់ម្សៅគ្រឿងញៀន ក្នុងគែមវ៉ាលី ប្រភេទ ហេរ៉ូអ៊ិនចំនួន១,៨១៤ក្រាម។

មន្ត្រីដដែលបានបញ្ជាក់ថា ជនសង្ស័យនេះ មានឈ្មោះ Tran Ve Thi ត្រូវបានចាប់ខ្លួន ដោយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជនសង្ស័យត្រូវបាន អង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅស្រាវជ្រាវបន្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕