(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡោក ហ៊ួរ បានថ្លែងថា បើគ្មានថ្នាក់ដឹកនាំជាន់ខ្ពស់ និងឥស្សរជន វីរជនយុទ្ធជនបានតស៊ូរំដោះជាតិ ឈានដល់បានជ័យជំនះទាំងស្រុង ចេញពីរបបប្រល័យពូជសាសន៍នោះទេ តើប្រទេសជាតិ ប្រជាពលរដ្ឋយើង ទាំងសមាជិកគណបក្ស CPP និងអតីសមាជិកគាំទ្របក្សប្រឆាំង មានជីវិតរស់នៅតាំងពីបាតដៃទទេ រហូតដល់ប្រជាពលរដ្ឋយើងមានជីវភាពធូរធា ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យបានដែរឬទេ?

លោកតំណាងរាស្រ្ត បានថ្លែងបែបនេះ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ ក្នុងអង្គមិទ្ទិញខួបអបអរសាទរខួបលើកទី៣៩ «នៃទិវា៧ មករា១៩៧៩-៧មករា ២០១៨» នៅក្នុងឧបដ្ឋានសាលាវត្តបាឡាត់ ស្ថិតក្នុងភូមិសាលាបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុម ប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំទាំង១០ និងសមាជិក សមាជិកាបក្សសរុបជិត៤០០នាក់។

លោកបានថ្លែងប្រាប់ក្រុមប្រឹក្សាស្រុកសង្កែ និងក្រុមប្រឹក្សាឃុំទាំង១០ថា ក្រុមពួកអគតិអតីតបក្សប្រឆាំង នៅតែមិនទទួលស្គាល់ថ្ងៃ៧ មករា ជាថ្ងៃសង្រ្គោះជាតិ រំដោះជាតិ ចេញពីរបប ប៉ុល ពត ប្រល័យជាតិសាសន៍ជាតិឯង ខណៈដែលពួកខ្លួនធ្លាប់បានរស់នៅក្នុងរបបប្រល័យ ពូជសាសន៍នោះស្ទើតែគ្មានជីវិតរស់រានមានជីវិតដល់សព្វថ្ងៃផង។

តំណាងរាស្រ្តរូបនេះ បានបញ្ជាក់ថា ពួកជនអគតិទាំងនេះ មិនត្រឹមតែមិនទទួលស្គាល់ថ្ងៃ៧ មករា ជាទិវាជាតិប៉ុណ្ណោះទេ ថែមទាំងចង់បំផ្លាញ ប្រវត្តិសាស្ត្រ របស់ខ្មែរទៀតផង បន្ទាប់បក្សប្រឆាំង ត្រូវបានរំលាយចោលហើយនោះថ្មីៗនេះ ក្រុមមេក្លោងធំៗ ដែលកំពុងនិទ្ទេសខ្លួននៅបរទេស កំពុងដើរឃោសនា និងអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម មកលើប្រទេសជាតិ និងប្រជាជនកម្ពុជា នេះឬដែលពួកគេធ្លាប់និយាយថា ស្រឡាញ់រាស្រ្ត គោរពឆន្ទៈរាស្រ្តនោះ? ទង្វើរបស់ពួកអគតិនេះមិនខុសពីការចង់សម្លាប់ប្រជាពលរដ្ឋខ្លួន ពិសេសកសិករ កម្មករ និងប្រទេសជាតិខ្លួនឯង ដើម្បីតែចង់ បានអំណាចបុគ្គលខ្លួនជាធំប៉ុណ្ណោះ តាមរយៈបដិវត្តន៍ពណ៌ និងធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋតាមរយៈ អង្គមិទ្ទិញនេះទៀតថា សូមប្រជាពលរដ្ឋ ទូទៅកុំទៅតាមការអូសទាញឲ្យទៅចូលរួម ធ្វើបាតុកម្មខុសច្បាប់ឲ្យសោះ ព្រោះយើងទៅតាមគេ គឺយើងទេជាអ្នកទទួលទោសទណ្ឌ តាមច្បាប់គ្មានអ្នកណាមកជួយយើងនោះទេ។

បន្ទាប់ពីបានសំណេះសំណាលចប់ តំណាងរាស្ត្រមណ្ឌលបាត់ដំបង បានប្រគេនថវិកាចំនួន២,៥០០ដុល្លា ក្នុងនោះ សម្រាប់ធ្វើរបងសាលាអនុវិទ្យាល័យនរា ក្នុងឃុំនារ ចំនួន១,០០០ដុល្លារ និងសម្រាប់ទិញសម្ភារបំពាក់ឧបដ្ឋានសាលាក្នុងវត្តបាឡាត់ ចំនួន១,៥០០ដុល្លារ ដែលបានកសាងបាន៩០ភាគរយ ហើយបានចែកអាវរងារដល់ចាស់ៗ អ្នកចូលរួមម្នាក់១ផងដែរ៕