(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុរាសី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មួញរកស៊ីដីធ្លីម្នាក់ ឈ្មោះ ទូច ប្រុសល័ក្ខ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជាប់ចោទពីបទ «ឆបោក» បន្ទាប់ពីជនសង្ស័យរូបនោះ ប្រើប្រាស់ប្លង់ដីក្លែងក្លាយ បោកប្រាក់ជនរងគ្រោះ កន្លះលានដុល្លារអាមេរិក។

យោងតាមដីការបស់តុលាការរាជធានីភ្នំពេញ បានបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ទូច ប្រុសល័ក្ខ ភេទប្រុស អាយុ៣៥ឆ្នាំ ទៅពន្ធនាគារព្រៃស ដោយបញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ ទៅពន្ធនាគារ។

ជាមួយគ្នានេះ ជនរងគ្រោះដែលចាញ់បោកប្រាក់អស់កន្លះលានដុល្លារ បានប្រកាសដល់កម្លាំងសមត្ថកិច្ច ដែលស្រាវជ្រាវរហូតស្វែងរកចាប់បានជនឆបោក ឈ្មោះ ទូច ប្រុសល័ក្ខ (ដូចរូប) នឹងផ្តល់ប្រាក់លើកទឹកចិត្ត ៥០០០ដុល្លារអាមេរិក។

សូមជម្រាបថា ជនសង្ស័យឈ្មោះ ទូច ប្រុសល័ក្ខ ដែលជាឈ្នួញរកស៊ីដីធ្លី បានប្រើរូបភាពបោកប្រាស់ដោយយកប្លង់ដីក្លែងក្លាយទៅបង្ហាញអ្នកទិញ រហូតលួងលោមបោកបញ្ឆោតបានប្រាក់ រហូតដល់៥០ម៉ឺនដុល្លារ ស្រាប់តែបុគ្គលរូបនោះ បានរត់គេចខ្លួនរហូតមិនចេញមកទទួលខុសត្រូវនោះឡើយ។

​ដើមបណ្ដឹងដែលចាញ់បោកជនសង្ស័យនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៥មកម្ល៉េះ។

ដើមបណ្ដឹងបានបន្ដថា នៅពេលនោះឈ្មោះ ទូច ប្រុលល័ក្ខ បានប្រាប់ថា មានដីជាច្រើនហិចតាដែលប្រមូលទិញពីប្រជាពលរដ្ឋ ចំនួន២កន្លែង ស្ថិតនៅភូមិព្រែកតូច ឃុំស្ពានដែក និងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល និងមួយកន្លែង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ដោយពួកគេបានយកប្លង់បង្ហាញទីតាំងដី ចុះហត្ថលេខាដោយមេភូមិ និងមេឃុំមកបង្ហាញ។

ពេលនោះជនរងគ្រោះក៏មានទំនុកចិត្ត ដោយសារជាមនុស្សធ្លាប់ស្គាល់គ្នា ក៏បានប្រគល់ប្រាក់ដើម្បីទិញដីទាំង២កន្លែងនោះ រហូតដល់៥០ម៉ឺនដុល្លារ ប៉ុន្ដែធាតុពិតក្រោយពីបានលុយហើយ ជនសង្ស័យបានរត់គេចខ្លួនរហូត។

ដោយសារដឹងថា ខ្លួនចាញ់បោកទឹកប្រាក់ជាច្រើនបែបនេះ ជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅតុលាការរាជធានីភ្នំពេញ រហូតចៅក្រមបានចេញដីកាតាមចាប់ខ្លួន និងសម្រេចដាក់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងឲ្យផ្ដល់សំណង់ដល់ដើមបណ្ដឹង ចំនួន៣០ម៉ឺនដុល្លារ៕