(ពោធិ៍សាត់)៖ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្ត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៤៖៤៥នាទីនាថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ម្សិលមិញ ក្នុងជន្មាយុ៦៧ឆ្នាំ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តរបស់ក្រុមហ៊ុន Capitol ដឹកអ្នកដំណើរ បានបុកជាមួយរថយន្តម៉ាក Toyota Corola របស់លោក រួចរេចង្កូតទៅបុករះចំទ្រូងរថយន្តម៉ាក HYUNDAI សណ្តោងកុងតឺន័រ ដែលមានចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ ខណៈអ្នករងរបួសធ្ងន់ចំនួន៥នាក់។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នៅគេហដ្ឋានស្ថិតក្នុងភូមិផ្សារ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ខូយ សុខា និងលោក ម៉ៅ ធនិន ព្រមទាំងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រម ក្តុកក្តួលរំជួលចិត្តសោកស្តាយក្រៃលែងចំពោះការបាត់បង់ លោក សុទ្ធ តារា ដែលជាការបាត់បង់នូវឪពុកជាទីស្រឡាញ់ និងបាត់បង់ជីតាជាទីគោរព ដែលប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាពចំពោះក្រុមគ្រួសារ។

ថ្នាក់ដឹកទាំង២បានចាត់ទុកថា ការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតដល់រូបលោកបានលាចាកលោកយើងនេះទៅគួរឲ្យសោកស្តាយជាទីបំផុត។

នាឱកាសនោះលោក ម៉ៅ ធនិន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងបានឧបត្ថម្ភថវិកា ចំនួន២លានរៀល ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានឲ្យដឹងថា​ យោងចម្លើយសាក្សី​ដែលនៅជិតកន្លែងកើតហេតុ បានបំភ្លឺថាគឺ រថយន្តក្រុងម៉ាក KAI​ ពណ៌ស ខៀវ របស់ក្រុមហ៊ុន Capitol ពាក់ផ្លាកលេខ​ ភ្នំពេញ 3B-6165 ធ្វើដំណើរពីកើតទៅលិច (អ្នកបើកបរគេចខ្លួន)​ បានបុកជាមួយ​រថយន្តម៉ាក Toyota Corola ​ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ 2D-7437 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សុទ្ធ តារា ភេទប្រុស​ រស់នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាស្រុកក្រគរ (រងរបួសធ្ងន់)​ បញ្ជូនដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ (ស្លាប់)។​ ភ្លាមនោះរថយន្ត KAI បានរេចង្កូតទៅបុករះចំទ្រូងរថយន្តម៉ាក HYUNDAI​ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3464 ធ្វើដំណើរពីលិចទៅកើត​ (អ្នកបើកបររត់គេចខ្លួន)​ ចំផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តក្រុងធ្លាក់ផ្លូវ ខូចជញ្ជាំងផ្នែកខាងស្តាំមួយចំហៀងទាំងស្រុង។

លោកអធិការបន្ថែមថា​ ជនរងគ្រោះបាន​បាត់បង់ជីវិតចំនួន០៦នាក់​រួមមាន៖ ១.ឈ្មោះ ងឹម សុផា ភេទស្រី អាយុ២៤ឆ្នាំ លំនៅភូមិថ្មី ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់, ២.ឈ្មោះ ពេជ្រ ដាវ៉ាន ភេតស្រី អាយុ២៧ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣.ឈ្មោះ ប៊ុន សុចារ៉ា ភេទស្រី អាយុ៤៦ឆ្នាំ លំនៅភូមិអណ្តូងចេញ ឃុំ អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង, ៤.ឈ្មោះ សុទ្ធ តារា ភេទប្រុស រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៥.ឈ្មោះ សោម សុវណ្ណនី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិក្របៅជុំ ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និង ៦.ឈ្មោះ ញឹប ថាក់ ភេទប្រុស អាយុ៤៦ឆ្នាំ លំនៅភូមិទី៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។

ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់ទាំង០៥នាក់រួមមាន៖ ១.ឈ្មោះ សុំ វណ្ណា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ២.ឈ្មោះ ទុំ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ លំនៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ៣.ឈ្មោះ សុខ ស៊ីវឡាង ភេទស្រី អាយុ២៣ឆ្នាំ លំនៅភូមិស្លុង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់, ៤.ឈ្មោះ ប៉ា គីវង្ស ភេទប្រុស អាយុ០៩ឆ្នាំ លំនៅភូមិអូរ ឃុំបឹងបត់កណ្តុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង៥.ឈ្មោះ UF LACKER GUNDULA ភេទ ស្រី អាយុ៤៨ឆ្នាំ ជនជាតិអាឡឺម៉ង់។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកសាកសពទាំង៦នាក់ បានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង៣គ្រឿង​ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា តាមច្បាប់នៅពេលក្រោយ៕