(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យកងទ័ពទាំងអស់ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ ហើយចូលរួមការពារសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ និងរក្សាភាពឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ការជំរុញបន្ថែមរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនរបស់ ខ.ភ.ម និងប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ។

នៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន នាយកសាលា ត្រូវដឹកនាំបញ្ជា និងអនុវត្តឱ្យបានស៊ីជម្រៅ សម្រាប់ការងារជាក់ស្តែងមួយចំនួន ដូចខាងក្រោម៖

១៖ ថ្នាក់ដឹកនាំ នាយកសាលា យោធាចារ្យ ត្រូវអប់រំណែនាំសិក្ខាកាម ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រួមសហការគ្នាការពារសុខសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។

២៖ គុណភាពគឺជាកត្តាចម្បងក្នុងវិស័យហ្វឹកហ្វឺន មិនត្រូវហ្វឹកហ្វឺនដើម្បីហ្វឹកហ្វឺន ការហ្វឹកហ្វឺនត្រូវដើរទន្ទឹមនឹងការងារអប់រំចិត្តសាស្រ្ត ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានហ្វឹកហ្វឺន កែលម្អកម្មវិធី ខ្លឹមសារឯកសារ លើកកម្ពស់សមត្ថភាពយោធាចារ្យ ទំនាក់ទំនងល្អជាមួយដៃគូនានា ទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យបានល្អប្រសើរ។ ការសិក្សាទ្រឹស្តី ត្រូវផ្សារភ្ជាប់ជាមួយការអនុវត្ត នៅលើភូមិសាស្រ្តជាក់ស្តែងនៅលើតុខ្សាច់ តាមមន្ទីរពិសោធន៦ និងចុះដកពិសោធន៍ផ្ទាល់ នៅតាមបណ្តាកងឯកភាពនានា ដើម្បីឱ្យនាយទាហានចេះរៀបចំផែនការ ចេះដឹកនាំបញ្ជា និងចេះដោះស្រាយរាល់ឧបទ្ទវហេតុកើតឡើង ប្រកបដោយបញ្ញាញាណ និងទទួលខុសត្រូវ។

៣៖ ការហ្វឹកហ្វឺន ត្រូវធ្វើយ៉ាងណាឱ្យកងទ័ពយល់ច្បាស់អំពីភារកិច្ច គោលបំណង ចរិតនៃឆាកប្រយុទ្ធ ដឹងច្បាស់ពីខ្មាំង ដឹងច្បាស់ពីយើង ស្គាល់ភូមិសាស្រ្ត និងប្រវត្តិសាស្រ្តច្បាស់លាស់ ទើបបង្កើនបានសមត្ថភាពរបស់កងទ័ព ក្នុងការប្រយុទ្ធ ដែលជាកត្តាដ៏រឹងមាំសម្រាប់សម្រេចបាននូវជ័យជម្នះ។

៤៖ ពិចារណាឱ្យបានម៉ត់ចត់ក្នុងផែនការហ្វឹកហ្វឺន អំពីលទ្ធផល សមត្ថភាព និងបញ្ហាប្រឈមនានា រកដំណោះស្រាយដើម្បីអនុវត្តផែនការដែលបានគ្រោងទុក។ តើសកម្មភាពហ្វឹកហ្វឺនរបស់យើងឈានទៅសម្រេចគោលដៅ នៃផែនការដែរឬទេ? អ្វីជាកិច្ចសំខាន់ចំពោះមុខ និងអ្វីជាផែនការសម្រាប់អនាគត។

៥៖ កិច្ចខិតខំប្រឹងប្រែងក្នុងការហ្វឹកហ្វឺន សម្រេចគោលដៅបានក្នុងកម្រិតណា? តើសិក្ខាកាមនឹងបង្កើនសមត្ថភាពតាមការគ្រោងទុកដែរឬទេ? តើធនធានដែលបានចំណាយបានជួយដល់ដំណើរការឆ្ពោះទៅសម្រេចគោលដៅ ដែលចង់បានក្នុងកម្រិតណា? ដូចជាបន្ទាប់ពីបានហ្វឹកហ្វឺនបាញ់កាំភ្លើងរួច សិក្ខាកាម បានបង្កើនសមត្ថភាពខាងផ្នែកបាញ់ត្រង់ក្នុងកម្រិតណា? ឆ្លងកាត់ការប្រឡង សិក្ខាកាមទទួលបានពិន្ទុកម្រិតណា? វិធានការទាំងនេះ យើងត្រូវធ្វើការវាស់ស្ទង់ឱ្យបានម៉ត់ចត់ ដែលវាគឺជាម៉ែត្រវាស់អំពីអត្ថប្រយោជន៍ និងគុណភាព នៃការហ្វឹកហ្វឺនបណ្តុះបណ្តាល ក្នុងកងយោធពលខេរមភូមិន្ទ៕