(ពោធិ៍សាត់)៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ក្រោយក្មេងប្រុសវ័យ៧ឆ្នាំម្នាក់ បានរអិលធ្លាក់ចូល ស្រះទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយរវល់បោកខោអាវមិនបានដឹងទាន់។

ករណីក្មេងលង់ទឹកស្លាប់ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនាល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្រះ ទឹកក្បែរផ្ទះ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ផល សុធា អាយុ៧ឆ្នាំ រស់នៅជាមួយម្តាយ ក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា ក្មេងប្រុសរងគ្រោះខាងលើនេះ បានរត់លេងយ៉ាងសប្បាយ រួចក៏រអិលធ្លាក់ចូលក្នុងស្រះទឹកក្បែរផ្ទះ ខណៈដែលម្តាយកំពុងរវល់បោកខោអាវ មួយសន្ទុះក្រោយមកក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោរកមើល តែឃើញសព អណ្ដែតលើផ្ទៃទឹកតែម្តង។

ក្រោយស្រង់សាកសពមក សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕