(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលសាងសង់សំណង់អគាររដ្ឋបាលថ្មីមួយ នៅបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ជាកន្លែងកងកម្លាំងនគរបាលអន្តរាគមន៍ពិសេស នៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងកិច្ចការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្ត ស្របទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ការសាងសង់អគារថ្មីនេះ ត្រូវបានចាប់ផ្ដើមនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដោយអនុវត្តតាមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានឲ្យដឹងថា អគារថ្មីមួយនេះមានទំហំ ៧.២០ × ៩ម៉ែត្រ ជញ្ជាំងធ្វើអំពីឥដ្ឋ ក្រាលការ៉ូ និងប្រក់ស័ង្កសី។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា កងកម្លាំងអន្តរាគមន៍នេះបានត្រៀមខ្លួនរង់ចាំរួចជាស្រេច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ សេចក្ដីណែនាំ បទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងរង់ចាំអនុវត្តកិច្ចប្រតិបត្តិការ អន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ ពេលជួបប្រទះហេតុការណ៍ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ក៏បានចុះសំណេះសំណាលជាមួយកងកម្លាំងដែលប្រចាំការណ៍ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ក្របៅ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍មួយចំនួន ក្នុងការអនុវត្តឲ្យចំគោលដៅបន្តទៀត។ ក្នុងឱកាសចុះត្រួតពិនិត្យកងកម្លាំងដែលប្រចាំការ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ក្របៅ លោកឧត្តមសេនីយ៍ត្រី បានណែនាំឲ្យកម្លាំងនគរបាលបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មិនត្រូវប្រកាន់បក្ខពួកនិយម និងមានភាពរើសអើងក្នុងកិច្ចសហការគ្នានោះឡើយ ជាពិសេសត្រួតពិនិត្យកន្លែងដែលមានហានិភ័យខ្ពស់ និងងាយរងគ្រោះ ដូចជា កន្លែងលក់មាស កន្លែងដូរលុយ វេរលុយ នៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់ពេលវេលា។

មួយវិញទៀត ត្រូវតាមដាន ពង្រឹងលើការគ្រប់គ្រងបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀន ហើយដើម្បីឲ្យការងារនេះ មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងតាមដាន គឺត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់អ្នកផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានជំរុញឲ្យប៉ុស្តិ៍ទាំងអស់ពន្លឿនក្នុងការធ្វើសៀវភៅ ក២ និងសៀវភៅ ក៤ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរឲ្យបានឆាប់រហ័ស ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំធ្វើអំពើល្អ ធ្វើជាគំរូល្អ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តថា កងកម្លាំង គឺជាអ្នកផ្តល់នូវសុខសុវត្ថិភាពជូនពួកគាត់៕