(ព្រះសីហនុ)៖ ក្នុងរយៈពេលមួយថ្ងៃ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ដកហូតបានថ្នាំញៀនចំនួន៣២កញ្ចប់ និងវត្ថុតាងមួយចំនួនធំ។

ការចុះប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅទីតាំងផ្សេងៗគ្នា ក្នុងក្រុង-ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ ខាងលើនេះរួមមាន៖

១៖ ឈ្មោះ សុខ​ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ទីលំនៅបច្ចុប្បន្ន ក្រុមទី​១៧​ ភូមិ​២​ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
២៖ ឈ្មោះ​ គង់​ សុភាព​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្ន ក្រុមទី​១៧​ ភូមិ​២​ សង្កាត់​២ ក្រុង-ខេត្តព្រះសីហនុ។
៣៖ ឈ្មោះ ណែម តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
៤៖ ឈ្មោះ វង្ស ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
៥៖ ឈ្មោះ ប្រាក់ វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
៦៖ ឈ្មោះ កល់ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម០១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៧៖ ឈ្មោះ ប៉េង ភា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើសិប្បកម្មឈើ មានទីលំនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង, ម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់, ថ្នាំញៀនចំនួន៨, ថ្នាំគ្រាប់ចំនួន៥កញ្ចប់, និងទូរស័ព្ទចំនួន៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕