(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រី និងកងកម្លាំងពាក់ព័ន្ធ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា លើកទី៣៩ (១៩៧៩-២០១៨) ដែលនឹងមានមហាជនមកពីគ្រប់ទិសទីចូលរួមជិត៥ម៉ឺននាក់ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី០៧ ខែមករា ខាងមុខ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានជម្រុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងសន្តិសុខ និងរបៀបរៀបរយឲ្យបានល្អ ជាពិសេសថែមទៀតនោះ គឺការណែនាំឲ្យប្រជាពលរដ្ឋដាក់ទង់ជាតិ នៅតាមមុខផ្ទះរបស់ខ្លួន ដើម្បីទទួលបុណ្យ៧មករា ដោយនេះជាបុណ្យជាតិ ហើយទិវាបុណ្យនេះជាបុណ្យកំណើតទី២ របស់យើងទាំងអស់គ្នាផងដែរ បើគ្មានថ្ងៃ៧មករា ក៏មិនមានថ្ងៃនេះដែរ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ទិវាបុណ្យជាតិ៧មករាលើកទី៣៩ ឆ្នាំនេះនឹងធ្វើឡើង ដោយមានមហាជនចូលរួមចំនួន៤៥០០០នាក់ ហើយក្នុងចំនួននេះសម្រាប់រាជធានីភ្នំពេញ មានមហាជនមកពីបណ្តាខណ្ឌទាំង១២ ចំនួន២៥០០០នាក់។ លោកបញ្ជាក់ថា ទិវាបុណ្យជាតិ៧មករាលើកទី៣៩ឆ្នាំនេះ ធ្វើឡើងធំជាងបណ្តាលឆ្នាំមុនៗ ដោយកន្លងមកនេះ យើងធ្លាប់តែធ្វើនៅក្នុងទីតាំងគ៨៥ (ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅចំការមន) ដែលដាក់មហាជនបានតែប្រមាណ១៦០០នាក់ប៉ុណ្ណោះ។ តែឆ្នាំនេះ ជាលើកទី១ហើយ ដែលនឹងធ្វើឡើងដោយមានមហាជនចូលរួមរហូតដល់ចំនួន៤៥០០០នាក់។

សូមជម្រាបថា ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទូទៅ ចាត់ទុកថា ជាថ្ងៃកំណើតទី២ ក្រោយកម្លាំងចលនាតស៊ូ ដែលដឹកនាំដោយសម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ដោយបានរំដោះប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៥មក ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយថ្ងៃរំដោះ៧មករានេះមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជាតិកម្ពុជា រហូតដល់ប្រទេស និងប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ និងមានជីវភាពធូរធាដូចពេលបច្ចុប្បន្ន។

ដោយសារគុណបំណាច់ថ្ងៃជ័យដ៏ធំនេះហើយ ទើបរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជន និងប្រជាពលរដ្ឋកម្ពុជា កំណត់យកថ្ងៃទី០៧ ខែមករា ជាថ្ងៃប្រារព្ធទិវាជាតិមួយដ៏អធឹកអាធ័មជារៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជា៕