(តាកែវ)៖ នៅឆ្នាំ២០១៧ ការធ្វើនេសាទរកបង្កងនៅតាមផ្ទៃបឹង នៅក្នុងខេត្តតាកែវ របស់បងប្អូនប្រជានេសាទ បានទទួលទិន្នផលល្អហួសពីការរំពឹងទុក ពោល គឺរកបានប្រមាណ៨៤តោន ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ គឺមានការកើនឡើងប្រមាណ២០ភាគរយ។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ទិន្នផលបង្កងចំនួន៨៤តោន នៅក្នុងឆ្នាំ២០១៧ គឺជាទិន្នផលដ៏ខ្ពស់មួយ ហើយមូលហេតុដែលទិន្នផលបង្កងកើនឡើង គឺបណ្ដាលមកពីមានទឹកហូរចូលផ្ទៃបឹងនានា របស់ស្រុកទាំង៤តាំងពីដើមរដូវ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់បង្កងអាចពង និងញាស់កូនបានទាន់ពេលវេលា។

លោកនាយខណ្ឌរដ្ឋបាលខេត្តតាកែវ បានបន្តថា ទិន្នផលបង្កងមានភាពល្អប្រសើរនេះ វាពិតជាបានធ្វើឲ្យជីវភាព របស់​បងប្អូនប្រជានេសាទ មានភាពល្អប្រសើរមួយកម្រិតទៀត ព្រោះបង្កងខេត្តតាកែវ មានភាពល្បីល្បាញ ធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរ ចូលមកលេងខេត្តតាកែវ រកបង្កងហូបកាន់តែច្រើនឡើង ជាពិសេសតម្លៃបង្កង មានតម្លៃរហូតដល់ជាង៤០ដុល្លាក្នុងមួយគីឡូក្រាម។ តម្លៃនេះវាពិតជាជួយលើកតម្កើង ជីវភាពបងប្អូនប្រជានេសាទឲ្យកាន់តែមានភាពជីវភាពល្អមួយទ្វេឡើង។

លោក សៅ កុសល រំពឹងថា នៅឆ្នាំ២០១៨នេះ ប្រសិនបើទឹកឡើងចូលបឹងនៅដើមរដូវដូចឆ្នាំ២០១៧កន្លងមក ទិន្នផលបង្កងនឹងមានការកើនឡើងកាន់តែល្អប្រសើរថែមទៀតជាក់ជាពុំខាន។

* យោងតាមទិន្នន័យនេះ ប្រសិនបើគិតជាមធ្យមបង្កង១គីឡូតម្លៃត្រឹមតែ៣០ដុល្លារ ដូច្នេះពេញ១ឆ្នាំ២០១៧ ប្រជានេសាទរកបង្កងបាន៨៤តោន ស្មើនឹង៨៤,០០០គីឡូក្រាម នាំឲ្យចំណូលដែលទទួលបានពីការលក់បង្កងស្មើនឹងជាង២.៥លានដុល្លារអាមេរិក៕