(ហ្វីជី)៖ អាជ្ញាធរហ្វីជី​នៅថ្ងៃអង្គារនេះ​បានបញ្ជាក់ឱ្យដឹងថា មនុស្សសរុប ៧០នាក់ បានស្លាប់ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​កាលពីឆ្នាំ២០១៧ ហើយដែលនេះ​គឺជាតួលេខ​ខ្ពស់បំផុត ក្នុងរយៈពេល​ជាងមួយ​ទសវត្សរ៍នេះ សម្រាប់ប្រទេស​ដែនកោះក្នុងតំបន់​ប៉ាស៊ីហិ្វកមួយនេះ ដែលមាន​ប្រជាជន ៩០០,០០០នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៧។

យោងតាម​មន្ត្រីចរាចរណ៍​ហ្វីជី លោក រូស៊ីអេត ទូដ្រាវូ (Rusiate Tudravu) គ្រោះថ្នាក់ចរាចរណ៍​នៅក្នុងប្រទេស​ដីកោះនេះភាគច្រើន គឺបង្កឡើង​ដោយការបើកបរហួស​ល្បឿន​កំណត់។ លោក Tudravu បន្ថែមថា ស្ថិតិខាងលើ​បានបង្ហាញយ៉ាង​ច្បាស់នៅអំឡុង ១៥ថ្ងៃ ដំបូងនៃប្រតិបត្តិការ​មួយឈ្មោះថា Operation Yalodei ដែលបាន​រកឃើញថា ការបើកបរហួស ល្បឿន​កំណត់មាន​ជាង ១,៧០០ករណី។ ប៉ុន្តែទន្ទឹមគ្នា​នោះដែរ លោកបានជំរុញ​ឱ្យប្រជាជនហ្វីជី កុំផ្ដោតសំខាន់ថា មន្ត្រីចរាចរណ៍​កំពុងរំខាន​ដល់ការធ្វើដំណើរ​របស់ខ្លួន តែត្រូវយល់ថា ពួកគេកំពុងពង្រឹងច្បាប់​ដើម្បីសុវត្ថិភាព​ ក្នុងការធ្វើដំណើរ​របស់ប្រជាជនហ្វីជី​ទាំងអស់​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ បើតាមក្រសួង​ដឹកជញ្ជូនហ្វីជី គិតត្រឹម​ខែធ្នូ ឆ្នាំ២០១៦ ចំនួនយានយន្ដ​សរុបនៅក្នុង​ប្រទេស​មាន ១១០,៧៦៣គ្រឿង និង ៧២ភាគរយ ជារបស់ឯកជន ១៦ភាគរយ​ជាយានយន្ដ​ពាណិជ្ជកម្ម និង ១០ភាគរយ ជាយានយន្ដ​រដ្ឋ៕