(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨ ភ្ញៀវទេសចរកើនឡើងដល់ជាង ២.៥លាននាក់ ដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេសកម្ពុជា។

បើតាមលោករដ្ឋមន្ដ្រី ចំនួនភ្ញៀវទេសចរជាង២.៥លាននាក់នេះ មានការកើនឡើងប្រមាណ​៣០ភាគរយ ទៅ៣៥ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨​ម៉ឺននាក់ កើនឡើងប្រមាណ​១០ភាគរយ ទៅ១២ភាគរយ និងភ្ញៀវទេសចរជាតិកើនប្រមាណ ៣៥ភាគរយ ទៅ៤០ភាគរយ។

លោក ថោង ខុន បានរៀបរាប់ថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ប្រមាណ​១.១៦​លាននាក់, ខេត្តសៀមរាប ប្រមាណ​៣៣០,០០០នាក់, ខេត្តព្រះសីហនុ ប្រមាណ​២១៥,០០០នាក់, ខេត្តកែប ប្រមាណ​១០៦,០០០នាក់, ខេត្តកំពត ប្រមាណ​១២០,០០០ ក្នុងនោះបូកគោ ៤​ម៉ឺននាក់, ខេត្តកោះកុង ប្រមាណ​១៥,០០០នាក់, ខេត្តមណ្ឌលគិរី ប្រមាណ​១១,០០០នាក់ និងខេត្ត​រតនគិរី ប្រមាណ​៩,៧០០នាក់។

លោករដ្ឋមន្ដ្រី បានអះអាងទៀតថា បងប្អូនប្រពលរដ្ឋខ្មែរបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ថ្លាដោយមិនខ្វល់ពីរឿងអ្វីទាំងអស់។

យ៉ាងណាមិញ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំលើកក្រោយទៀត ទាំងរដ្ឋមន្ដ្រីក្រសួងទេ​សចរណ៍ ទាំងមន្ដ្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើតជាគណៈកម្មាធិការមួយ ដូចគណៈកម្មការការពារសុវត្ថិភាព ពិធីបុណ្យអុំទូកដែរ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ​ ដូចជាគ្រប់គ្រងតាមច្រកធ្វើដំណើរដោយថ្មើរជើង ហាមយានយន្ត ម៉ូតូចូលក្នុង​តំបន់ជុំវិញ នៃកម្មវិធីដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ឬបង្កបញ្ហាផ្សេងៗ ដល់ភ្ញៀវទេសចរ។

លោក ថោង ខុន បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្បាយរីករាយផងដែរ។ ​សកម្មភាពនេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់គណបក្សប្រឆាំង ដែលថាប្រជាពលរដ្ឋខ្មែរកាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ​។

កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕