(ស្ទឹងត្រែង)៖ គ្រាដែលប្រជាពលដ្ឋខ្មែរជាច្រើនកំពុងឈប់សម្រាក និងដើរលេងកម្សាន្តនៅតាមតំបន់នានាក្នុងថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំសកលឆ្នាំ២០១៨នោះ កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ នៅតែបន្តឈរជើងយ៉ាងអង់អាចក្លាហាន ដើម្បីការបូរណភាពទឹកដី។

សុខទុក្ខរបស់កងទ័ពនៅតាមទល់ដែននេះ គឺមានតែមេបញ្ជាការតែប៉ុណ្ណោះជាអ្នកបានយកចិត្តទុកដាក់ខ្ពស់បំផុត។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាការងារមួយចំនួនពង្រឹងកិច្ចការពារជាតិ។

ក្នុងកិច្ចប្រជុំនោះឧត្តមសេនីយ៍ឯក ហួត ឈាង បានដាក់ចេញនូវផែនការជាច្រើនដល់កងទ័ពនៃកងពលតូចថ្មើរជើងលេខ១២៨ សម្រាប់ការពារទឹកដីនៅក្នុងតំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រៅពីកិច្ចប្រជុំដាក់ផែនការការពារទឹកដីហើយនោះ ឧត្តមសេនីយ៍ឯក ហួត ឈាង ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់កងទ័ពជួរមុខទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហួត ឈាង អមដំណើរដោយឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពូលតូចថ្មើរជើងលេខ១២៨ ក៏បានអញ្ជើញត្រួតពិនិត្យស្ថានការណ៍ទឹកដីនៅតាមទល់ដែនជាប់ព្រំដែនឡាវផងដែរ។

សូមបញ្ជាក់ថា តំបន់អូរអាឡៃ និងអូរតាង៉ាវ ជាទីតាំងដែលកងទ័ពឡាវធ្លាប់បានចូលមកកាន់កាប់។ បន្ទាប់ពីមានការចរចាដោយសន្តិវិធីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ កងទ័ពឡាវ បានព្រមដកខ្លួនទៅវិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ក្រោយកងទ័ពឡាវព្រមដកខ្លួនទៅវិញសម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាលេខតំណាងឲ្យថ្ងៃខែ នៃការដកខ្លួនរបស់កងទ័ពឡាវ ហើយបានយកកងទ័ពចូលទៅគ្រប់គ្រងតំបន់នោះយ៉ាងរឹងមុំា៕