(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរាត្រីឆ្លងឆ្នាំសកល ២០១៨យប់មិញនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេចរជាង១លាននាក់ ដែលបានចូលមកដើរកម្សាន្ដ។

បើតាមរដ្ឋមន្ដ្រី ថោង ខុន សម្រាប់ភ្ញៀវទេសចរជាង១លាននាក់នេះ មានខ្លះមកពីបណ្ដាខេត្តផ្សេងៗ និងខ្លះទៀតនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង ប៉ុន្ដែក្នុងចំណោមពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ មួយចំនួនក៏បានធ្វើដំណើរកម្សាន្ដទៅតាមរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្តវិញផងដែរ។

លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ក្នុងរាត្រីឆ្លងឆ្នាំនៅយប់មិញនេះ ក្នុងរាជធានីភ្នំពេញយើងនេះ ទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ប្រមាណជាងមួយលាននាក់ ដែលចូលមកដើមកម្សាន្ដយ៉ាងសប្បាយរីករាយ ប្រកបដោយសន្តិសុខសុវត្ថិភាពទាំងស្រុង មិនមានបញ្ហាអ្វីកើតនោះទេ ទាំងការធ្វើដំណើរដោយស្មើរជើង និងតាមយានយន្ត»

លោករដ្ឋមន្ដ្រី បានអះអាងទៀតថា បងប្អូនប្រពលរដ្ឋខ្មែរបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ថ្លាដោយមិនខ្វល់ពីរឿងអ្វីទាំងអស់។

យ៉ាងណាមិញ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំលើកក្រោយទៀត ទាំងរដ្ឋមន្ដ្រីក្រសួងទេ​ចរណ៍ ទាំងមន្ដ្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ចង់ឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតជាគណៈកម្មាធិការមួយ ដូចគណៈកម្មការការពារសុវត្ថិភាព ពិធីបុណ្យអុំទូកដែរ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ​ ដូចជាគ្រប់គ្រងតាមច្រកធ្វើដំណើរដោយថ្មើរជើង ហាមយានយន្ត ម៉ូតូចូលក្នុង​តំបន់ជុំវិញ នៃកម្មវិធីដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ឬបង្កបញ្ហាផ្សេងៗ ដល់ភ្ញៀវទេសចរ។

លោក ថោង ខុន បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្បាយរីករាយផងដែរ។ ​សកម្មភាពនេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់គណបក្សប្រឆាំង ដែលថាប្រជាពលរដ្ឋខ្មែរកាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ​។

កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕