(ភ្នំពេញ)៖ ក្នុងពិធីសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៨ របស់ក្រុមហ៊ុន លី ហួរគ្រុប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរគ្រុប បានប្ដេជ្ញាបន្ដជួយលើកស្ទួយកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារ ដល់ប្រជាពលរដ្ឋ​ និងបង្កើនការវិនិយោគកាន់តែច្រើននៅកម្ពុជា។

លោកឧកញ៉ា លី ហួរ បានលើកឡើងថា «ដោយមានការចម្រើន រហូតមកទល់ពេលនេះ យើងមានបុគ្គលិក ១,១៩៨នាក់ និងមានបុត្រសម្ព័ន្ធជាច្រើនរួមមាន៖ អគារប្តូរប្រាក់ លី ហួរ, លី ហួរ ឌីវើឡុបមិន ខូអិលធីឌី (លី ហួរ ហាងបញ្ចាំ), បុរីវិមានភ្នំពេញ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី, តេពីអាក្រូ (ក្រុនហ៊ុនចំការកៅស៊ូ ), លី ហួរ លីស៊ីង ភីអិលស៊ី, លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ វេរលុយ និងបុត្រសម្ព័ន្ធផ្សេងទៀត ហើយនៅដើមឆ្នាំ២០១៨ខាងមុខនេះ យើងនឹងឈានទៅដល់ការបង្កើតក្រុមហ៊ុន លី ហួរ អ៊ិនសួរេនផងដែរ នឹងជួយបង្កើតការងារកាន់តែច្រើន ជូនបងប្អូនប្រជាពលរដ្ឋយើង»

ទន្ទឹមនឹងនោះ លោកឧកញ៉ា លី ហួរ បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ជាអាទិភាព សម្រាប់ឆ្នាំ២០១៨ ដោយពង្រឹងរចនាសម្ព័ន្ធ, ពង្រីកប្រតិបត្ដិការ ដោយបង្កើតសាខាតាមក្រុមហ៊ុនសម្ព័ន្ធនីមួយៗ និងបង្កើតក្រុមហ៊ុនថ្មី, បង្កើតផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបម្រើតាមតម្រូវការរបស់អតិថិជន ស្របតាមទីផ្សារបច្ចុប្បន្ន និងអនាគត ពិសេសបន្ដពង្រឹងសមត្ថភាពបុគ្គលិក ប្រកបដោយប្រសិទ្ធិភាព និងទំនួលខុសត្រូវខ្ពស់​ ដើម្បីបម្រើសេវាកម្មល្អ រហ័សទាន់ចិត្ដ និងមានសុវត្ថិភាព ជូនអតិថិជន។

ក្នុងឱកាស អបអរសាទរ សន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៨ ក្រុមហ៊ុន លី ហួរគ្រុប ក៏បានបានរៀបចំកម្មវិធី ជប់លៀង ជូនបុគ្គលិករាប់ពាន់នាក់ ដើម្បីបង្កភាពស្និតស្នាលក្នុងនាមជាគ្រួសារតែមួយ រួមទាំងមានចាប់ឆ្នោតផ្សងសំណាងយករង្វាន់ជាច្រើនទៀត លើសពីនោះមានរង្វាន់ជាទឹកប្រាក់ រហូតដល់ទៅ ៥,០០០ដុល្លារ ទៅលើចំណាត់ថ្នាក់លេខមួយ ក្នុងការប្រលងចម្រៀង ក្នុងកម្មវិធីនេះផងដែរ៕