(ភ្នំពេញ)៖ ពេញមួយខែធ្នូ ឆ្នាំ២០១៧ យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន២៩៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស​កម្ពុជា។ នេះបើតាម របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជានេះកើតឡើងចំនួន ២៩៧លើក បណ្ដាលឲ្យមាន​មនុស្សរបួសធ្ងន់ស្រាលចំនួន៤៣២នាក់ ដែលក្នុងនោះ អ្នករងរបួសស្រាលមានចំនួន១៣៨នាក់ និងអ្នករងរបួសធ្ងន់មានប្រមាណជា២៩៤នាក់ និងបណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣១០គ្រឿង, រថយន្ដធូនធំ៦៧គ្រឿង, រថយន្ដធុនតូច១៣៧គ្រឿង, យានផ្សេងៗ២២គ្រឿង និងអ្នកថ្មើជើង២២នាក់។

របាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖ ល្មើសល្បឿនចំនួន​១០៩លើក, ស្រវឹងចំនួន១៨លើក, ប្រជែងចំនួន២៨លើក, មិនគោរពសិទ្ធិ៥៩លើក, មិនប្រកាន់ស្ដាំ៤៣លើក, បត់គ្រោះថ្នាក់៣២លើក, កត្តាយាន៧លើក និងងងុយដេក១លើក។

ខេត្តដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ច្រើនជាងគេរួមមានខេត្តកណ្ដាលចំនួន២១លើក, ខេត្តព្រះវិហារចំនួន​១៨លើក, រាជធានីភ្នំពេញចំនួន៤៨លើក, ខេត្តកំពង់ស្ពឺ៩លើក, ខេត្តកំពត១៦លើក, ខេត្តតាកែវ១១លើក, ខេត្តក្រចេះ១៩លើក និងខេត្តកំពង់ធំ៧លើក៕